ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញបិទវគ្គ សុក្រឹតការថ្នាក់ដឹកនាំ នគរបាល នៅបណ្ឌិត្យសភា នគរបាលកម្ពុជា

កណ្ដាល ៖ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

នាឱកាសនោះ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងថា អនុវត្តតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង, បណ្ឌិត្យសភានគរបាលកម្ពុជា បានបណ្ដុះបណ្ដាលសិក្ខាកាម នៃវគ្គសុក្រឹតការដឹកនាំនគរបាល ចំនួន ៣ជំនាន់រួចមកហើយ រួមទាំងជំនាន់ទី៣នេះ ដែលកំពុងធ្វើពិធីបិទវគ្គនៅថ្ងៃនេះផងដែរ។ សិក្ខាកាម បានបញ្ចប់វគ្គសិក្សាទាំង ៣វគ្គ មានចំនួនសរុប ៦៨២នាក់ ក្នុងនោះ នារី ៥៥នាក់។

នាយឧត្តមសេនីយ៍ បន្ដថា វគ្គបណ្ដុះបណ្ដាលនេះ បានចាប់ផ្ដើមនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ហើយត្រូវបានរៀបចំឡើង ដោយមានការយកចិត្តទុកដាក់ខ្ពស់ស្របតាមបច្ចេកទេសរបស់កងកម្លាំង និងស្របតាមគុណភាពដែលបានកំណត់ ដើម្បីលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ នៃក្រមសីលធម៌របស់នគរបាលជាតិ ឱ្យឆ្លើយទៅនឹងគោលនយោបាយ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាល និងផែនការអភិវឌ្ឍធនធានមនុស្ស ផ្នែកកងកម្លាំងនគរបាលជាតិ របស់ក្រសួងមហាផ្ទៃ។

លើសពីនេះ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានលើកឡើងអំពីដំណើរការនូវគោលបំណង និងសារៈសំខាន់ នៃវគ្គសិក្សា លទ្ធផលល្អ នៃការសិក្សារបស់សិក្ខាកាម និងភារកិច្ចទទួលខុសត្រូវរបស់បណ្ឌិត្យសភា លើការងារបណ្ដុះបណ្ដាល ដើម្បីលើកកម្ពស់គុណភាព សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ៕

To Top