បរទេស៖ អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលរត់គេចខ្លួនទៅក្រៅប្រទេស បានប្រកាសវិលត្រលប់ទៅ ប្រទេសថៃវិញ សរុប១៨ដងហើយ ចាប់តាំងពីឆ្នាំ២០០៩មក។
យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋាភិបាលរបស់ លោកថាក់ស៊ីនត្រូវបានទម្លាក់ដោយរដ្ឋប្រហារ យោធាដែលដឹកនាំដោយឧត្តមសេនីយ Sonthi Boonyaratglin នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០០៦។ បន្ទាប់ពីបានភៀសខ្លួនចេញពីប្រទេស លោក ថាក់ស៊ីន ត្រូវបានកាត់ទោសកំបាំងមុខឱ្យ ជាប់ពន្ធនាគារសរុបចំនួន ១២ ឆ្នាំ ពីបទពុករលួយ គេចពន្ធ និងការរំលោភបំពានអំណាច។
លោកបានត្រឡប់មកប្រទេសថៃវិញនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០០៨ ដែលជាលទ្ធផលបានលេចចេញជារូបភាព ដ៏ល្បីនៅពេល គាត់លុតជង្គង់ ហើយអោនក្បាលដល់ដីនៅឯអាកាសយានដ្ឋានសុវណ្ណភូមិ ខណៈដែលអ្នកគាំទ្ររបស់ គាត់បានអបអរសាទរ។
ទោះបីជាយ៉ាងណាក៏ដោយ នាយកដ្ឋានព្រហ្មទណ្ឌរបស់តុលាការ កំពូលសម្រាប់អ្នកកាន់មុខ តំណែងនយោបាយបានផ្តល់ សំណើររបស់គាត់ឱ្យចាកចេញទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉េកាំងក្នុងខែសីហា ឆ្នាំ២០០៨ ។ លោកថាក់ស៊ីនបានរស់នៅក្នុងនិរទេសដោយខ្លួនឯងចាប់តាំងពីពេលនោះមក។ គាត់ចំណាយពេលភាគច្រើនរបស់គាត់នៅឌូបៃ។
លោកបានប្រកាសវិលត្រឡប់ទៅប្រទេសថៃជាលើកដំបូងក្នុងអំឡុងពេល ថ្លែងសុន្ទរកថាតាមវីដេអូនៅក្នុងការជួបជុំ របស់រណសិរ្សរួបរួមដើម្បីប្រជាធិបតេយ្យ ប្រឆាំងនឹងរបបផ្តាច់ការ (អាវក្រហម) នៅវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០០៩។
លោកបាននិយាយថា៖ «នៅពេលសំឡេងកាំភ្លើងផ្ទុះឡើង ហើយទាហានបាញ់មនុស្ស ខ្ញុំនឹងត្រឡប់ទៅបាងកកវិញភ្លាមៗដើម្បីដឹកនាំប្រជាជន»៕