ភ្នំពេញ៖ សារមន្ទីរជាតិកម្ពុជា បានហាមឃាត់ចំពោះក្រុមអាជីវករ ក្រោយប្រើប្រាស់ស្ថាប័នរដ្ឋ ក្នុងការផ្ដល់សេវាកម្មជួល សម្លៀកបំពាក់បុរាណខ្មែរ មកថតរូបក្នុងបរិវេណសារមន្ទីរជាតិ។
សារមន្ទីរជាតិកម្ពុជា លើកឡើងបែបនេះក្រោយមានអាជីវករ ជួលសម្លៀកបំពាក់បុរាណមួយចំនួន បានលើកសំណួរនៅលើបណ្ដាញសង្គមថា «តើសារមនី្ទរជារបស់អ្នកណា? ជារបស់ជាតិ ឬក៏របស់ឯកជន?»។
យោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានបេតិកភណ្ឌ នាយកដ្ឋានសារមន្ទីរ នាថ្ងៃទី១០ ឧសភា បានឲ្យដឹងថា កត្តានេះ (ឯកជនថតរូប) អាចធ្វើឲ្យសាធារណជនយល់ច្រឡំថា សារមនី្ទរជាតិកម្ពុជាមិនគាំទ្រដល់វិស័យឯកជន ក្នុងការផ្សព្វផ្សាយលើកតម្លៃវប្បធម៌ខ្មែរ។ សារមនី្ទរជាតិកម្ពុជាបញ្ជាក់ថា កន្លងមកជំហររបស់ថ្នាក់ដឹកនាំសារមនី្ទរជាតិ តែងសម្របសម្រួលដល់សាធារណជន អាចចូលប្រើប្រាស់ទីតាំង សារមនី្ទរជាតិបាន ប្រសិនបើមានការពិភាក្សា ឬស្នើសុំជាមុន និងទទួលបានការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
សារមន្ទីរជាតិកម្ពុជាបន្ដថា ការដែលសារមនី្ទររឹតត្បិតចំពោះអាជីវករមួយចំនួន ផ្តល់សេវាជួលសម្លៀកបំពាក់បុរាណមកថតរូប ក្នុងបរិវេណសារមនី្ទរជាតិកន្លងមក គឺអាជីវករមិនបានទាក់ទងស្នើសុំ ការអនុញ្ញាតមុននឹងបញ្ចូលទីតាំង សារមន្ទីរជាតិជាផ្នែកមួយ នៃសេវាកម្មជូនអតិថិជន ក្នុងការជួលសម្លៀកបំពាក់ និងថតរូប។
សារមន្ទីរជាតិកម្ពុជា គូសបញ្ជាក់ថា «អាជីវករ បានប្រើប្រាស់ស្ថាប័នរដ្ឋ ក្នុងការផ្តល់សេវាកម្មសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាត ហេតុនេះសារមនី្ទរជាតិ ចាំបាច់ត្រូវមានវិធានការណ៍ទប់ស្កាត់មួយចំនួន រាប់ទាំងការហាមឃាត់ ឬផ្អាកសកម្មភាពថតផ្ទាល់តែម្ដង រហូតដល់សារមនី្ទរជាតិបានទទួលការណែនាំ ឬអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាមុនសិន ។ ដើម្បីជៀសវាងនូវការរិះគន់ពីមហាជន ក៏ដូចជា ការស្តីបន្ទោសពីថ្នាក់ដឹកនាំក្រសួង សារមនី្ទរជាតិស្នើសុំក្រុមអាជីវករចាំបាច់ត្រូវ ទាក់ទងទៅក្រសួងជំនាញ (ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ) ដើម្បីសុំការឯកភាពលើគំរូ ម៉ូតសម្លៀកបំពាក់ដែលត្រូវ ប្រើប្រាស់សម្រាប់ជួលដល់អតិថិជន»។
សារមន្ទីរជាតិកម្ពុជា បន្ថែមថា កន្លងមកមានករណីប្រើប្រាស់សម្លៀកបំពាក់ បុរាណខុសឆ្គងមួយចំនួន ជាពិសេសទៅលើការប្រើប្រាស់ពណ៌ ការរចនាគ្រឿងអលង្ការ ម្កុដ និងស្បៃបន្ថែមលើឈុតបុរាណ ហេតុនេះទើបសារមនី្ទរជាតិស្នើឲ្យ មានការឆ្លងយោបល់ពីអ្នកជំនាញរបស់ក្រសួងវប្បធម៌ ជៀសវាងកំហុសឆ្គងក្នុងការផ្សព្វផ្សាយ ដែលប្រាសចាកទម្រង់ដើម និងគ្មានមូលដ្ឋានច្បាស់លាស់៕