ភ្នំពេញ ៖ គណបក្សភ្លើងទៀន បានសម្រេចដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតថ្មី សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី ៧ នៅមណ្ឌលខេត្តកណ្ដាល ជំនួសលោក រ៉ុង ឈុន អនុប្រធានគណបក្សដែល ខាងគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)មិនអនុញ្ញាតឲ្យឈរឈ្មោះ ព្រោះស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ តុលាការភ្នំពេញ ។
បើតាមលោកកើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានពន្យល់ពីករណីលោក រ៉ុង ឈុនថា នៅមិនទាន់មាន នីតិសម្បទា ឡើងវិញ ដោយពេញលក្ខណៈច្បាប់ឡើយ ដោយសារពុំទាន់ផុតរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួច តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។
ការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នេះធ្វើឡើងមុនមួយថ្ងៃ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃ៩ ឧសភា បានទុកពេល៥ថ្ងៃឲ្យគណបក្សភ្លើងទៀន បំពេញលក្ខខណ្ឌខ្វះខាត៣ចំណុច ។ ក្នុងចំណោម៣ចំណុចនោះ គឺចំណុចសំខាន់មិនទទួលយកលោក រ៉ុង ឈុន ជាបេក្ខភាពឈរឈ្មោះបោះឆ្នោតជ្រើសសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មណ្ឌលខេត្តកណ្ដាលព្រោះលោកត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈិម ហើយមិនទាន់មាននីតិសម្បទា ឡើងវិញ។ ដូចនេះ គណបក្សភ្លើងទៀន ត្រូវប្តូរបេក្ខជនថ្មីបំពេញបន្ថែមជំនួសត្រង់បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល ។ មណ្ឌលខេត្តកណ្តាលនេះ ខាងគណបក្សប្រជាជនកម្ពុជាបានដាក់បេក្ខភាពសម្តេចតេជោ ហ៊ុន សែន ឈរឈ្មោះបោះឆ្នោតដែរ។
លោក រ៉ុង ឈុន ធ្លាប់បានជាប់ពន្ធនាគារនៅឆ្នាំ២០២០ ពីបទញុះញង់ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយលើការបោះបង្គោល ព្រំដែនកម្ពុជាវៀតណាម នៅខេត្តត្បូងឃ្មុំ តែលោកត្រូវបានដោះលែងនៅឆ្នាំ២០២១ តាមការសម្រេចរបស់សាលា ឧទ្ធរណ៍ព្យួរទោសសេសសល់។
សូមបញ្ជាក់ថា ក្រោយការប្រកាសរបស់គ.ជ.បរួចមក នាថ្ងៃ៩ ឧសភាដដែលនោះ លោក រ៉ុង ឈុន បានប្រកាសសម្រេច ដកខ្លួនចេញពីជាបេក្ខភាពឈរឈ្មោះបោះឆ្នោត ជ្រើសសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មណ្ឌលខេត្តកណ្ដាលហើយ៕