បរទេស៖ លោកប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកនឹងកម្ទេចអាវុធគីមី ចុងក្រោយរបស់ខ្លួនដែលនៅសេសសល់ នៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៣ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើគេហទំព័រ សេតវិមានថា “យើងកំពុងស្ថិតនៅលើផ្លូវ ដើម្បីបញ្ចប់ការបំផ្លាញឃ្លាំងអាវុធគីមី របស់យើងនៅរដូវស្លឹកឈើជ្រុះនេះ ដែលជាព្រឹត្តិការណ៍រំសាយអាវុធ ដែលរក្សាបាននូវស្តង់ដារខ្ពស់បំផុតនៃតម្លាភាព និងសុវត្ថិភាពសាធារណៈ” ។
សេចក្តីថ្លែងការណ៍បានសរសេរថា សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយ អង្គការសម្រាប់ការហាមឃាត់អាវុធគីមី (OPCW) ដើម្បី “ទប់ស្កាត់ការស្តុកទុក ការផលិត និងការប្រើប្រាស់អាវុធគីមីនៅជុំវិញពិភពលោក”។
ប្រទេសហត្ថលេខីនៃអនុសញ្ញាអាវុធគីមី (CWC) ដែលចូលជាធរមានក្នុងឆ្នាំ ១៩៩៧ បានប្តេជ្ញាចិត្តបោះចោល ឃ្លាំងស្តុកអាវុធគីមីទាំងអស់។ តាមផ្លូវច្បាប់ អាមេរិកត្រូវធ្វើដូច្នេះនៅចុងឆ្នាំនេះ។ សហរដ្ឋអាមេរិកបានសន្យាថា នឹងកម្ទេចអាវុធគីមីដែលនៅសល់ចុងក្រោយ របស់ខ្លួនដែលរក្សាទុកក្នុងឃ្លាំងក្នុងរដ្ឋ Colorado និង Kentucky ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣៕
ប្រែសម្រួលៈ ណៃ តុលា