ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា តំណាងពិសេសរបស់រដ្ឋាភិបាលចិន ទទួលបន្ទុកកិច្ចការអឺរ៉ាស៊ី លោក Li Hui នឹងធ្វើទស្សនកិច្ចនៅអ៊ុយក្រែន ប៉ូឡូញ បារាំង អាល្លឺម៉ង់ និងរុស្ស៊ី ដើម្បីទំនាក់ទំនងជាមួយគ្រប់ភាគី ស្តីពីដំណោះស្រាយនយោបាយ នៃវិបត្តិអ៊ុយក្រែន ដែលចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភា។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទកាសែតជាប្រចាំដើម្បីឆ្លើយតប នឹងសំណួរដែលទាក់ទង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានចង្អុលបង្ហាញថា ចាប់តាំងពីការផ្ទុះឡើងនៃវិបត្តិអ៊ុយក្រែនមក ប្រទេសចិន បាននិងកំពុងជំរុញកិច្ចចរចាសន្តិភាព យ៉ាងសកម្មក្នុងគោលបំណង និងយុត្តិធម៌ ដោយបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោក Li ទៅកាន់ប្រទេសពាក់ព័ន្ធបង្ហាញ ពីការប្តេជ្ញាចិត្តរបស់ចិន ក្នុងការជំរុញកិច្ចចរចាសន្តិភាព និងបង្ហាញយ៉ាងពេញលេញថា ប្រទេសចិនឈរនៅខាងភាគីនៃសន្តិភាព។
នាពេលបច្ចុប្បន្ននេះ វិបត្តិអ៊ុយក្រែននៅតែកើនឡើង ហើយឥទ្ធិពលកំពប់នៅតែបន្តលេចឡើង។ លោក Wang បានកត់សម្គាល់ថាសហគមន៍អន្តរជាតិ កំពុងអំពាវនាវឱ្យមានបទឈប់បាញ់ ដើម្បីបញ្ឈប់សង្គ្រាម និងបន្ធូរបន្ថយស្ថានការណ៍។
លោកបន្ថែមថា ប្រទេសចិន មានឆន្ទៈបន្តដើរតួនាទីស្ថាបនា ក្នុងការកសាងមតិជាអន្តរជាតិបន្ថែមទៀត លើបទឈប់បាញ់ ការបញ្ចប់សង្គ្រាម ការបើកកិច្ចចរចាសន្តិភាព និងការជៀសវាងពីការកើនឡើងនៃស្ថានការណ៍ និងធ្វើឱ្យការរួមចំណែករបស់ចិន ក្នុងការលើកកម្ពស់ដំណោះស្រាយនយោបាយ ៕
ប្រែសម្រួល ឈូក បូរ៉ា