ខារ៉ាឈី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ លោក Shehbaz Sharif នាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានបញ្ជាឱ្យអាជ្ញាធរ ដើម្បីកំណត់អត្តសញ្ញាណ និងចាប់ខ្លួនអ្នកពាក់ព័ន្ធទាំងអស់ នៅក្នុងអំពើហឹង្សា បន្ទាប់ពីការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីលោក Imran Khan នៅក្នុងសប្តាហ៍នេះ បង្កឱ្យមានចលាចលយ៉ាងខ្លាំង ។
គេបានដឹងថា លោក Khan បានចាកចេញពីបរិវេណតុលាការកាលពីយប់ថ្ងៃសុក្រ ហើយឆ្ពោះទៅកាន់ទីក្រុង Lahore ដែលជាស្រុកកំណើតរបស់គាត់ ស្របពេលមានសន្តិសុខការពារយ៉ាងល្អ បន្ទាប់ពីតុលាការ បានអនុញ្ញាតឱ្យគាត់ស្ថិតនៅក្រៅឃុំ។
សម្រាប់ការចាប់ខ្លួនរបស់គាត់ នៅក្នុងសំណុំរឿងក្លែងបន្លំដីធ្លីកាលពីថ្ងៃអង្គារ ដែលតុលាការកំពូលបានកាត់ក្តីថា “មិនត្រឹមត្រូវ និងខុសច្បាប់” កាលពីថ្ងៃព្រហស្បតិ៍បានបង្កឱ្យមានការតវ៉ាដោយហិង្សា ដោយអ្នកគាំទ្ររបស់គាត់ ។
ពួកគេបានវាយលុក គ្រឹះស្ថានយោធា ដុតបំផ្លាញអគារទូរទស្សន៍រដ្ឋ កម្ទេចរថយន្តក្រុង វាយកម្ទេចផ្ទះមន្ត្រីយោធាកំពូលម្នាក់ និងវាយលុកទ្រព្យសម្បត្តិផ្សេងទៀត ដែលនាំឱ្យមានការចាប់ខ្លួន ជិត២.០០០នាក់ ហើយកងទ័ពត្រូវបានដាក់ពង្រាយ នៅក្នុងទីក្រុងជាច្រើន ។
យ៉ាងហោចណាស់មនុស្ស៨នាក់ ត្រូវបានសម្លាប់នៅក្នុងអំពើហឹង្សា ដែលជាភាពរំជើបរំជួល នៃចលាចលនៅក្នុងប្រទេសដែលកំពុងប្រឈមមុខ នឹងវិបត្តិសេដ្ឋកិច្ច ជាមួយនឹងអតិផរណា កំណើននៃភាពស្លេកស្លាំង និងការពន្យារពេលការផ្តល់មូលនិធិរបស់ IMF ផងដែរ ។
លោក Khan ដែលត្រូវបានគេរំពឹងថា នឹងថ្លែងទៅកាន់គាំទ្ររបស់គាត់នៅថ្ងៃសៅរ៍ ហើយកាលពីថ្ងៃសុក្របានស្វាគមន៍ចំពោះដីកានៅក្រៅឃុំ របស់តុលាការ និងបានថ្លែងថា តុលាការគឺជាការការពារតែមួយគត់ របស់ប្រទេសប៉ាគីស្ថានប្រឆាំងនឹង “ច្បាប់ព្រៃ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា