បរទេស៖ តំណាងវិស័យឯកជនរបស់ប្រទេសថៃ កំពុងទទូចដល់គណបក្សនយោបាយ ទាំងអស់ឱ្យទទួលយកលទ្ធផល នៃការបោះឆ្នោតសកលនេះ ដើម្បីអោយប្រទេសជាតិឈានទៅមុខ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃបានមាននិយាយថា វាមានសារៈសំខាន់ណាស់ក្នុងការគោរពសំឡេងភាគច្រើន ដើម្បីឲ្យប្រទេសថៃមានការរីកចម្រើនតាមលទ្ធិប្រជាធិបតេយ្យ។
លោកថា “សភាពាណិជ្ជកម្មថៃរំពឹងថាគ្រប់វិស័យទាំងអស់នឹងទទួលយកលទ្ធផលនៃការបោះឆ្នោតនេះ”។
លោក Sanan បាននិយាយថា គណៈរដ្ឋមន្ត្រីថ្មីអាចត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាល ចម្រុះដែលមានគណបក្សជាច្រើនចូលរួម។ លោកបន្តថា ប្រសិនបើការបង្កើតរដ្ឋាភិបាលថ្មីត្រូវបានពន្យារពេល វានឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត និងកំណើនសេដ្ឋកិច្ច ជាពិសេសក្នុងចំណោមអ្នកវិនិយោគបរទេស។
លោកបានពន្យល់ថា “ប្រសិនបើរដ្ឋាភិបាលមួយត្រូវបានបង្កើតឡើងយ៉ាងឆាប់រហ័ស វានឹងអាចដឹកនាំប្រទេស និងឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នបានទាន់ពេលវេលា។ គោលដៅចម្បងគឺដើម្បីអាចយល់ព្រមលើគោលការណ៍ណែនាំ និងគោលនយោបាយការងារ របស់សម្ព័ន្ធដោយគ្មាន ជម្លោះ ឬអស្ថិរភាព។
ចំណែកលោក Kriengkrai Thiennukul ប្រធានសហព័ន្ធឧស្សាហកម្មថៃបានថ្លែងថា ការបោះឆ្នោតសកលនេះគឺជាចំណុចរបត់ដ៏សំខាន់មួយក្នុងនយោបាយថៃ៖ វានឹងកំណត់ទិសដៅអនាគតនៃសេដ្ឋកិច្ច។
លោក Kriengkrai មានប្រសាសន៍ថា វិស័យឯកជនរំពឹងថានឹងបង្កើតគណៈរដ្ឋមន្ត្រីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកុំឱ្យមានភាពទំនេរនៅក្នុងការគ្រប់គ្រងប្រទេស៕
ប្រែសម្រួលៈ ណៃ តុលា