ភ្នំពេញ ៖ អ្នកនាំពាក្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) លោក សាម អ៊ីន បានលើកសរសើរពីវីរភាព ដ៏អង់អាចក្លាយហាន របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការអនុញ្ញាតឲ្យនាវាខ្នាតយក្ស របស់សហរដ្ឋអាមេរិក ចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុថា ជាការសម្រេចដ៏ឈ្លាសវៃ ដែលនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន លើនយោបាយការបរទេស និងផ្នែកការទូត ព្រមទាំងទេសចរជាដើម ។
លោក សាម អ៊ីន បានលើកឡើងក្នុងហ្វេសប៊ុក នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយបង្ហាញការគាំទ្រ ចំពោះការសម្រេចចិត្ត របស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចហ៊ុន សែន ក្នុងការអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកម្ពុជា។
លោកថា “ខ្ញុំយល់ថា នេះជាការសម្រេចចិត្តដ៏ក្លាហាន និងឈ្លាសវៃមួយ។ ពិតប្រាកដហើយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទទួលបាន អត្ថប្រយោជន៍នយោបាយការទូតរយៈពេលខ្លី សម្រាប់នយោបាយការបរទេសរបស់លោក ។ តែកម្ពុជាទាំងមូល នឹងទទួលបានអត្ថប្រយោជន៍រយៈពេលវែង សម្រាប់កេរិ៍ឈ្មោះល្អ នយោបាយការទូត និងវិស័យទេសចរណ៍ទៅថ្ងៃមុខ” ។
ក៏ប៉ុន្តែ លោកថា ទោះបីយ៉ាងណា កុំភ្លេចរឿងប្រុងប្រយ័ត្ន ត្រៀមបង្ការនិងការពារវីរុសកូរ៉ូណាផង ពីព្រោះគ្រោះថ្នាក់ នៃជំងឺនេះនៅធំធេងនៅឡើយ។
សូមបញ្ជាក់ថា នាវាដឹកអ្នកទេសចរដ៏ធំមួយគ្រឿងនេះ មានផ្ទុកភ្ញៀវចម្រុះជាតិសាសន៍ ៤១សញ្ជាតិ មានចំនួន ២,២៥៧នាក់ ក្នុងនោះអ្នកទេសចរ ចំនួន១៤៥៥នាក់ និងបុគ្គលិកបម្រើការងារ ៨០២នាក់ បានចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយនាវានេះ បានស្នើសុំចុះចតនៅតាមប្រទេស និងកោះចំនួន៦ តែត្រូវបដិសេធ អស់រយៈពេល១២ថ្ងៃ ដោយសារភ័យខ្លាចមានអ្នកដំណើរ មានផ្ទុកមេរោគកូរូណាថ្មី ។
នាវាយក្សនេះ បានចាកចេញពីទីក្រុងហុងកុង កាលពីថ្ងៃ១ កុម្ភៈ ហើយត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និងកោះហ្គាំ (អាមេរិក) មិនអនុញ្ញាតឲ្យចូលចតឡើយ ។
ភ្ញៀវទេសបរទេសក្នុងចំណោម ១៤៥៥នាក់ គឺមានជាង១០០នាក់ ធ្វើដំណើរចាក់ចេញពីកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅប្រទេសកំណើតរបស់ពួកគាត់វិញ នៅថ្ងៃ១៣ កុម្ភៈនេះផងដែរ។ ចំណែកអ្នកនៅសេសសល់ ត្រូវបានសម្តេចអះអាងថា អាចជាប្រើរយៈពេលជាង១សប្តាហ៍ ដើម្បីរៀបចំសំណុំឯកសារផ្សេង ដើម្បីឲ្យពួកគេ ទៅប្រទេសរៀងៗខ្លួនវិញ៕