ភ្នំពេញ ៖ ក្រោយពីទទួលបានព័ត៌មាន ពីការលួចលក់ដូរសាច់សត្វព្រៃខុសច្បាប់ក្នុងផ្សារបានលុង ខេត្តរតនគិរី មន្ត្រីនៃមន្ទីរបរិស្ថានខេត្តរតនគិរី ដោយរួមសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានចុះបង្ក្រាបបទល្មើស ដោយបានរឹបអូសសាច់សត្វព្រៃនិងសំណាកសត្វព្រៃសរុបចំនួន១៧ គីឡូក្រាម។ នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន នៅអំឡុងពេល នៃសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសចុះបំពេញការងារនៅកោះកុង។
លោកថ្លែងថា នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមដើម្បីពង្រឹងការអនុវត្តច្បាប់ និងផ្លាស់ប្តូរឥរិយាប ថប្រជាពល រដ្ឋទាក់ទងនឹងសាច់សត្វព្រៃ។ បើតាមការឲ្យដឹងពីលោក នេត្រ ភក្ត្រា សំណាកសត្វព្រៃទាំង១៧ គីឡូក្រាមដែលមន្ត្រី ជំនាញអនុវត្តច្បាប់រឹបអូសបានរួមមាន ៖ ១- សាច់ជ្រូកព្រៃស្រស់ចំនួន ៦,៥គីឡូក្រាម , ២-សត្វត្រកួតងាប់ចំនួន ៣ ក្បាលស្មើនឹង ៥,៥ គីឡូក្រាម និង៣- សាច់ងៀតប្រើសចំនួន ៥គីឡូក្រាម។
រដ្ឋលេខាធិការក្រសួងបរិស្ថានក៏ថ្លែងអំណរគុណពលរដ្ឋបានរាយការណ៍ព័ត៌មាន នៃការលក់សាច់សត្វព្រៃនេះ ដល់មន្ត្រីជំនាញ ដើម្បីចាត់វិធានការទាន់ពេលវេលាដោយលោកបានថ្លែងថា «ប្រជាពលរដ្ឋភាគច្រើនលើស លុបមានការយល់ដឹងពីសារៈសំខាន់ នៃសត្វព្រៃសម្រាប់ភពផែនដី និងប្រព័ន្ធអេកូឡូស៊ី និងបានស្រឡាញ់សត្វព្រៃ ចូលរួមការពារនិងអភិរក្សសត្វព្រៃ និងបានសហការរាយការណ៍ករណីឃើញមានការលក់ដូរសាច់សត្វព្រៃខុសច្បាប់»។
ជាមួយគ្នានោះដែរ លោក នេត្រ ភក្ត្រា ថ្លែងកោតសរសើរពលរដ្ឋខ្មែរស្រឡាញ់សត្វព្រៃ និងចូលរួមការពារ និងអភរិក្សសត្វព្រៃឲ្យគង់វង្ស៕