ព័ត៌មានជាតិ

ប.ស.ស.៖ គ្រោះថ្នាក់ចរាចរណ៍ ចំពោះកម្មករនិយោជិត មានការថយចុះ បើធៀបជាមួយឆ្នាំ២០១៨

ភ្នំពេញ៖ នៅសាលប្រជុំធំ នៃបេឡាជាតិ សន្តិសុខសង្គម នាព្រឹកថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ របស់កម្មករនិយោជិត (ទ.ស.ប.ក.) និងក្រុមការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោកសម្រាប់គាំពារ កម្មករនិយោជិត (ស.ផ.ក.) នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ  និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីប្រជុំបូកសរុប លទ្ធផល ការងារសម្រេចបាន ឆ្នាំ២០១៩ និងទិសដៅបន្ត ឆ្នាំ២០២០ របស់ខ្លួន ក្រោមអធិបតីភាពលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយក ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក.) និងជាសមាជិក គណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក។

បើយោងតាម របាយការណ៍ប្រចាំឆ្នាំ ២០១៩ ដែលថ្លែងឡើងដោយលោក ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យ គោលនយោបាយ នៃបេឡាជាតិសន្តិសុខសង្គម បានថ្លែងឱ្យដឹងថា៖ កន្លងមកនេះ ក្រុមការងារ ទ.ស.ប.ក. បានចុះអង្កេត និងសិក្សាស្រាវជ្រាវ ករណីកម្មករនិយោជិតសន្លប់ ដើម្បីស្វែងរកមូលហេតុ និងចាត់វិធានការកែលម្អលើ រោងចក្រដែលមានកម្មករនិយោជិត សន្លប់មានចំនួន ១១រោងចក្រ និងកម្មករនិយោជិតសន្លប់ចំនួន ៨៣១នាក់ ក្នុងនោះស្រី ៨២២នាក់ ។

បើប្រៀបធៀប នឹងឆ្នាំ២០១៨ គឺមានការថយចុះចំនួន ៦រោងចក្រ ស្មើនឹង ៣៥% និងកម្មករនិយោជិតសន្លប់ ថយចុះចំនួន ១ ២៧៨នាក់ ស្មើនឹង ៦១% ភាគច្រើន កម្មករនិយោជិត ដែលរងគ្រោះ គឺបានផ្តើមចេញពីកម្មករ និយោជិតសន្លប់ តែពីម្នាក់ ឬពីរនាក់តែប៉ុណ្ណោះ ប៉ុន្តែគឺបានឆ្លង នូវជំងឺស្នេហ៍ហ្វូង ។

ឯកឧត្តមប្រធានការិយាល័យ បានឱ្យដឹងបន្ថែមថា៖ មូលហេតុចម្បងៗដែលបណ្តាលឱ្យមាន ករណីសន្លប់កើតមានឡើង រួមមានដូចជា បញ្ហាចិត្តសាស្ត្រសង្គម ៣៩% បញ្ហាគីមី ១៨% បញ្ហារូបសាស្ត្រ ១៨% បញ្ហាមេកានិច ៧% បញ្ហាជីវសាស្ត្រ ៧% បញ្ហាវិទ្យាសាស្ត្ររៀបចំ ការងារ ៧% និងបញ្ហាការងារបន្ថែមម៉ោង ៤% ។

ដោយឡែកសម្រាប់ករណី គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ចំពោះកម្មករនិយោជិត ក្នុងឆ្នាំ២០១៩ កន្លងទៅនេះ បានកើតឡើងចំនួន ១ ៥៥៤ករណី (គ្រោះថ្នាក់ដោយ រថយន្តចំនួន ៤៣ករណី, ដោយសារម៉ូតូចំនួន ១ ៤៣៧ករណី,  រ៉ឺម៉កចំនួន ៩ករណី,  កង់ចំនួន ១២ករណី, និងអ្នកថ្មើរជើងចំនួន ៥៣ករណី) ដែលមានជនរងគ្រោះ ចំនួន ២ ០០៦នាក់ បណ្ដាលឱ្យស្លាប់ចំនួន ៥០នាក់ របួសធ្ងន់ចំនួន ៣៤១នាក់ និងរបួសស្រាលចំនួន ១ ៦១៥នាក់។

បើប្រៀបធៀបរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៨ ធៀបនឹងឆ្នាំ២០១៩ ជាលទ្ធផលក្នុងឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍ ថយចុះចំនួន ១៥៦ករណី ស្មើនឹង ១០% ចំណែកជនរងគ្រោះ មានការកើនឡើង ចំនួន ១៤៣នាក់ ស្មើនឹង ៧% ។

ករណីដែលបង្កឱ្យករណី គ្រោះថ្នាក់ចរាចរណ៍ កើតឡើងនេះ គឺបណ្តាលមក ពីមូលហេតុចម្បងៗ មួយចំនួនដូចជា បើកបរលើសល្បឿនកំណត់ ៣៧% , និងកត្តាមិនគោរពសិទ្ធ អាទិភាព ២៣% , ជែងក្នុងស្ថានភាពគ្រោះថ្នាក់ ១៨% , បត់ខ្វះការប្រុងប្រយ័ត្ន ៩.២% , មិនប្រកាន់ស្ដាំ ៨% , លក្ខណៈបច្ចេកទេសយានយន្ត ៤% , និងកត្តាផ្លូវ ០.៨% ។

ទាក់ទងទៅនឹង បញ្ហាខាងលើនេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល បានជំរុញឱ្យក្រុមការងារ ទ.ស.ប.ក. និងក្រុមការងារ ស.ផ.ក. បន្តបង្កើនការផ្សព្វផ្សាយ អប់រំបន្ថែមទៀត ដល់កម្មករនិយោជិត នៅតាមបណ្តាសហគ្រាស គ្រឹះស្ថាននានា ឱ្យមានការយល់ដឹងខ្ពស់ បន្ថែមទៀតពាក់ពន្ធ័និងស្ថានភាពប្រឈមនេះ ដើម្បីកម្មករនិយោជិត ទទួលបាននូវសុខភាពដ៏ល្អប្រសើរ គ្រប់ពេលវេលា ក្នុងការជម្រុញដល់ការលើកកំពស់ជីវភាពរស់នៅ ដោយផ្ទាល់ក៏ដូចជា រួមចំណែក លើកកំពស់វិស័យសេដ្ឋកិច្ចកម្ពុជា ឱ្យមានការីកចម្រើនឥតឈប់ឈរ។

សូមបញ្ជាក់ថា ពិធីប្រជុំបូកសរុប លទ្ធផលការងារ សម្រេចបានឆ្នាំ២០១៩ ខាងលើ មានវត្តមានចូលរួម ពីតំណាងក្រសួង ស្ថាប័ន អង្គភាព សហជីព តំណាងរោងចក្រ និងអង្គការពាក់ព័ន្ធនានា សរុបប្រមាណជាង ១៥០នាក់ ៕

To Top