បរទេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ថា របាយការណ៍ដែលទន្ទឹងរង់ចាំជាយូរមកហើយបានរិះគន់យ៉ាងខ្លាំងចំពោះការចាត់ចែងរបស់ទីភ្នាក់ងារ FBI លើការស៊ើបអង្កេតរបស់ខ្លួនលើទំនាក់ទំនងដែលត្រូវបានចោទប្រកាន់រវាងរុស្ស៊ី និងយុទ្ធនាការរបស់លោក ត្រាំ នៅក្នុងឆ្នាំ២០១៦ ។
នៅក្នុងរបាយការណ៍ដែលមាន៣០៦ទំព័រ ទីប្រឹក្សាពិសេសលោក John Durham បានឲ្យដឹងថា ការស៊ើបអង្កេតរបស់ទីភ្នាក់ងារនេះខ្វះ “ភាពម៉ត់ចត់ក្នុងការវិភាគ” ។
លោកបានសន្និដ្ឋានថា ទីភ្នាក់ងារ FBI មិនមាន “ភស្តុតាងជាក់ស្តែង” នៃការឃុបឃិតគ្នារវាងយុទ្ធនាការរបស់លោក ដូណាល់ ត្រាំ និងរុស្ស៊ី មុនពេលចាប់ផ្តើមបើកការស៊ើបអង្កេត ។
ចំណែក ទីភ្នាក់ងារ FBI វិញបានបកស្រាយថា ខ្លួនបានដោះស្រាយបញ្ហាដែលបានកត់ ចូលនៅក្នុងរបាយការណ៍រួចហើយ ។
នៅក្នុងរបាយការណ៍នោះ លោក Durham ដែលត្រូវបានតែងតាំងដោយអគ្គមេធាវី William Barr ក្នុងឆ្នាំ២០១៩ បានចោទប្រកាន់ទៅទីភ្នាក់ងារ FBI ថា បានធ្វើសកម្មភាពលើ “ការស៊ើបការណ៍ឆៅៗ មិនបានវិភាគ និងមិនបានផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវឡើយ” ។
គួរបញ្ជាក់ថា ក្នុងចំណោមកំហុសនៃការស៊ើប អង្កេតដែលទីភ្នាក់ងារខាងលើបានធ្វើគឺជា ឧទាហរណ៍ម្តងហើយម្តងទៀតនៃ “ភាពលំអៀងនៃការបញ្ជាក់” ដែលក្នុងនោះ ទីភ្នាក់ងារមិនអើពើនឹងព័ត៌មានដែលកាត់បន្ថយការសន្និដ្ឋានដំបូងនៃការស៊ើបអង្កេតនោះឡើយ ។
របាយការណ៍នេះបានកត់សម្គាល់ពីភាពខុសប្លែក គ្នាយ៉ាងសំខាន់នៅក្នុងវិធីដែលទីភ្នាក់ងារ FBI បានដោះស្រាយការស៊ើបអង្កេតរបស់លោក ត្រាំ បើប្រៀបធៀបជាមួយនឹងការស៊ើបអង្កេតដ៏រសើបផ្សេងទៀត ដូចជាការស៊ើបអង្កេតដែលពាក់ព័ន្ធនឹងគូប្រជែងបោះឆ្នោតឆ្នាំ២០១៦របស់គាត់គឺលោកស្រី ហ៊ុលឡារី គ្លីនតុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា