ព័ត៌មានអន្តរជាតិ

ការ​ប្រយុទ្ធ​គ្នា ​នៅ​តែ​បន្ត ​រវាង​ភាគី​ជម្លោះ​ស៊ូដង់ ​ក្នុង​រដ្ឋធានី​កាធុម

កាធុម ៖ ការប៉ះទង្គិចគ្នាបានបន្តកាលពីថ្ងៃចន្ទរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) ដោយផ្នែកភាគខាងកើតនៃរដ្ឋធានីកាធុម បានឃើញការទម្លាក់គ្រាប់បែក យ៉ាងខ្លាំងក្លា ដោយកងកម្លាំងអាកាសរបស់កងទ័ព។

ប្រភពព័ត៌មានពីកងទ័ពបានឲ្យដឹងថា “ការផ្គត់ផ្គង់គ្រឿងសព្វាវុធ គ្រាប់រំសេវ និង ឥន្ធនៈដ៏ធំមួយ ដែលជាកម្មសិទ្ធិ របស់កងជីវពលឧទ្ទាម ត្រូវបានដោះស្រាយនៅក្នុងប្រតិបត្តិការ ប្រកបដោយគុណភាពមួយ ដែលបានកំណត់គោលដៅ លើតំបន់មួយចំនួននៅក្នុងមូលដ្ឋាន Sharq Al-Neel និងមូលដ្ឋាននៅជុំវិញមន្ទីរពេទ្យ East Nile” ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា មិនមានជនស៊ីវិលរងរបួសក្នុងអំឡុង ពេលប្រតិបត្តិការនោះទេ ប៉ុន្តែ RSF បានឲ្យដឹងថា ការទម្លាក់គ្រាប់បែកនេះបានបណ្តាលឱ្យ “ការស្លាប់ និងរបួសរបស់ប្រជាពលរដ្ឋស្លូតត្រង់ រាប់សិបនាក់ និងការបំផ្លិចបំផ្លាញផ្នែកធំនៃមន្ទីរពេទ្យ” ។

កាលពីថ្ងៃច័ន្ទផងដែរ ក្រសួងការបរទេសស៊ូដង់ បានថ្កោលទោសនូវអ្វី ដែលខ្លួនហៅថា “ការវាយប្រហាររបស់ RSF” លើបេសកកម្មការទូតមួយចំនួន នៅទីក្រុងកាធុម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងបានឲ្យដឹងថា “កងកម្លាំងគាំទ្ររហ័សបានវាយប្រហារ និងបង្ខំចូលទៅក្នុងបេសកកម្មការទូតនៃព្រះរាជាណាចក្រហ្សកដានី ស្ថានទូតស៊ូដង់ខាងត្បូង ស្ថានទូត នៃសាធារណរដ្ឋសូម៉ាលី ស្ថានទូតនៃសាធារណរដ្ឋអ៊ូហ្គង់ដា អនុព័ន្ធយោធានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និង អនុព័ន្ធយោធា នៃរដ្ឋគុយវ៉ែត”។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា RSF បានបំផ្លាញឯកសារ និងគ្រឿងសង្ហារិម ហើយបានលួចរបស់មានតម្លៃ រួមទាំងកុំព្យូទ័រ និងយានយន្តការទូត ដោយមិនគិតពីច្បាប់អន្តរជាតិ។ជាមួយគ្នានេះ គណៈកម្មាធិការសិទ្ធិមនុស្សជាតិនៅស៊ូដង់ កាលពីថ្ងៃចន្ទបានចេញសេចក្តីថ្លែងការណ៍ ស្តីពីការវិវត្តនៃស្ថានភាព នៅក្នុងប្រទេសស៊ូដង់៕

To Top