ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងថា អង្គការណាតូ កំពុងឈានជើងចូលអាស៊ី តាមជប៉ុន

បរទេស៖ ក្រសួងការបរទេសកូរ៉េខាងជើង បានអះអាងថា អង្គការណាតូកំពុងស្វែងរក ការបង្កើនឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់អាស៊ី ដោយលើកឡើងពីការកើនឡើងនៃ “ការឃុបឃិតផ្នែកយោធា” ជាមួយប្រទេសជប៉ុន ដែលបានរៀបចំ ទទួលគណៈប្រតិភូ មកពីសម្ព័ន្ធមិត្តយោធា កាលពីខែមុន ដើម្បីពិភាក្សាអំពីវិធីបង្កើន កិច្ចសហប្រតិបត្តិការ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងការអត្ថាធិប្បាយដែលធ្វើឡើង ដោយទីភ្នាក់ងារព័ត៌មានរដ្ឋកណ្តាលកូរ៉េ (KCNA) កាលពីថ្ងៃច័ន្ទ មន្ត្រីម្នាក់ នៅមជ្ឈមណ្ឌលស្រាវជ្រាវជប៉ុន របស់ក្រសួងការបរទេសកូរ៉េខាងជើង លោក Kim Seol-hwa បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន កំពុងជំរុញជាបណ្តើរៗ របស់អង្គការណាតូ ចូលទៅក្នុងអាស៊ី តាមរយៈភាពជាដៃគូ ជាមួយមហាអំណាចក្នុងតំបន់។

លោកបានបន្តថា “វាគឺជាការបើកការសម្ងាត់ ដែលសហរដ្ឋអាមេរិក បាននិងកំពុងព្យាយាមបង្កើតសម្ព័ន្ធមិត្តយោធាបែបនេះ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” ដោយលោកបានបន្ថែមថា “ការឃុបឃិតគ្នាផ្នែកយោធា ដែលមិនធ្លាប់មានពីមុនមក រវាងប្រទេសជប៉ុន និងអង្គការណាតូ កំពុងធ្វើឱ្យមានការព្រួយបារម្ភ និងការប្រុងប្រយ័ត្នយ៉ាងខ្លាំង ក្នុងសហគមន៍អន្តរជាតិ”។

លោក Kim បានបន្តដកស្រង់របាយការណ៍ថ្មីៗដែលថា អង្គណាតូ ឥឡូវនេះកំពុងពិភាក្សាដើម្បីបើក “ការិយាល័យទំនាក់ទំនង” នៅក្នុងប្រទេសជប៉ុន ដែលជាកន្លែងដំបូងរបស់ខ្លួន នៅអាស៊ី។ ការិយាល័យនេះនឹងត្រូវបានប្រើដើម្បី “ធ្វើការពិគ្រោះយោបល់តាមកាលកំណត់ ជាមួយប្រទេសជប៉ុន និងដៃគូសំខាន់ៗនៅក្នុងតំបន់ដូចជាកូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់” នេះបើយោងតាមគេហទំព័រព័ត៌មាន Nikkei Asia ៕ ប្រែសម្រួលៈ ណៃ តុលា

To Top