ព័ត៌មានអន្តរជាតិ

កងទ័ពចិនព្រមានថា ចិនបានត្រៀមរួចរាល់ហើយ ក្នុងការបំផ្លាញឯករាជ្យ របស់កោះតៃវ៉ាន់

បរទេស៖មន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលក្រុងប៉េកាំងកាលពីថ្ងៃម្សិលមិញនេះ សាជាថ្មីបានចេញមកធ្វើការព្រមានថាការពង្រីកទំនាក់ទំនងយោធារវាងអាមេរិកនិងកោះតៃវ៉ាន់ គឺជារឿងដែលខុសធ្ងន់ធ្ងរបំផុត និងគ្រោះថ្នាក់បំផុតផងដែរ។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា កងកម្លាំងយោធានៃប្រទេសចិន PLA បានប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងការហ្វឹកហាត់យោធានិងភាពត្រៀមខ្លួនរួចជាស្រេចក្នុងដំណោះស្រាយនានា ចំពោះមុខការទាមទារឯករាជ្យរបស់កោះតៃវ៉ាន់និងរារាំងរាល់ការប៉ុនប៉ង់ជួយពីការខាងក្រៅចំពោះ ដែនអធិបតេយ្យភាពរបស់ខ្លួនផងដែរ។

សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងដោយ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិចិន លោក Tan Kefei ត្រូវបានគេមើលឃើញថាបានធ្វើឡើងជាការឆ្លើយតបទៅនឹងផែនការ របស់សហរដ្ឋអាមេរិកកាលពីដើមខែក្នុងការផ្តល់ជំនួយយោធាប្រមាណជា៥០០លានដុល្លារដល់កោះតៃវ៉ាន់។

គួរឲ្យដឹងដែរថានៅក្នុងផែនការដែលបានប្រកាសដោយ រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោននោះផងដែរបានឲដឹងថាមន្ទីរប៉ង់តាហ្គោន ក៏នឹងធ្វើការបញ្ជូនយោធាអាមេរិក ប្រមាណជា២០០នាក់ទៅកាន់កោះតៃវ៉ាន់ក្នុងការហ្វឹកហាត់យោធា៕

ប្រែសម្រួល៖ស៊ុនលី

To Top