ព័ត៌មានជាតិ

សម្ដេច ស ខេង លើកឡើងពីការផ្តល់ គោរមងារឧកញ៉ា ដល់រូបវន្តបុគ្គល ជាពលរដ្ឋខ្មែរ

ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងអំពីយន្តការផ្តល់គោរមងារ ឧកញ៉ាដល់រូបវន្តបុគ្គល ជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណបំណាច់ផ្ទាល់ខ្លួនរិច្ចាគ នូវធនធានថវិកាចូលរួមអភិវឌ្ឍនិង និងកសាងជាតិ ។

ក្នុងកិច្ចប្រជុំពិនិត្យឆ្លង លើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេច ស ខេង បានថ្លែងថា គោរមងារឧកញ៉ា បានប្រើប្រាស់នាពេលកន្លងមក ដោយក្នុងនោះ ក៏បានសរសេររៀបរៀងក្នុងសៀវភៅប្រវត្តិសាស្ត្រ ដោយលោកស្រីសាស្ត្រាចារ្យ ត្រឹង ងា ផងដែរ ។

ជាមួយគ្នានោះដែរ សម្តេច បានលើកឡើងអំពីយន្តការផ្តល់ ជូនគោរមងារឧកញ៉ា ជូនដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណបំណាច់ផ្ទាល់ខ្លួន រិច្ចាកនូវធនធានថវិកាចូលរួមអភិវឌ្ឍន៍ និងកសាងជាតិ ហើយសេចក្តីព្រាងព្រះរាជក្រឹត្យនេះ ពិតជាមានសារសំខាន់ ក្នុងការគ្រប់គ្រងឧកញ៉ា និងការគ្រប់គ្រងសមាគមឧកញ៉ា ធ្វើយ៉ាងណាតែងតាំងឧកញ៉ាឲ្យបានត្រឹមត្រូវ សមស្រប ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូរ ទំនៀមទម្លាប់ប្រពៃណី សណ្ដាប់ធ្នាប់សង្គម ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេច ស ខេង បានកោតសរសើរ ក្រុមការងារ អន្តរក្រសួងដែលបានសិក្សារៀបចំ លិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ដែលបានខិតខំប្រឹងប្រែង សិក្សាស្រាវជ្រាវ និងរៀបចំចងក្រងសម្រេចបានប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ព្រមទាំងសម្រេច បានជោគជ័យនាពេលនេះ ។

សូមរំលឹកថា ព្រះរាជក្រឹត្យ ស្ដីពីគោរមងារ ឧកញ៉ានេះមាន១០ជំពូក និង២៥មាត្រា ហើយព្រះរាជក្រឹត្យនេះ មានវិសាលភាពអនុវត្ត ចំពោះរូបវន្ដបុគ្គល ជាប្រជាពលរដ្ឋខ្មែរ ដែលទទួលបានគោរមងារឧកឧញ៉ា នៅកម្ពុជា៕

To Top