ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសផ្ដល់ការ គាំទ្របន្ថែមផ្នែកសន្ដិសុខ ដល់កោះតៃវ៉ាន់ ដែលមានតម្លៃជាង ៥០០លានដុល្លារ

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នឹងផ្តល់ការគាំទ្រផ្នែកសន្តិសុខបន្ថែម ដល់កោះតៃវ៉ាន់ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានប្រាប់សមាជិកសភាកាយ៉ាងដូច្នេះ ខណៈដែលកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ កំពុងប្រឈមមុខនឹងការកើនឡើង សម្ពាធយោធាពីប្រទេសចិន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក រដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន កំពុងត្រៀមផ្តល់អាវុធមានតម្លៃ ៥០០លានដុល្លារដល់តៃវ៉ាន់ ប៉ុន្ដែព័ត៌មានលម្អិតអំពីប្រភេទអាវុធទាំងនោះ មិនត្រូវបានបង្ហាញនោះទេ។

លោក Austin បានលើកឡើង​ដោយ​ផ្អែក​លើ​ អាជ្ញាធរ​ដក​តំណែង​ប្រធានាធិបតី ​ដែល​អនុញ្ញាត​ឲ្យ​សហរដ្ឋ​អាមេរិក ​ពន្លឿន​ជំនួយ​សន្តិសុខ​រួម​ទាំង​ សព្វាវុធ​ដល់​បរទេស​ថា “​សហរដ្ឋ​អាមេរិក ​នឹង​ផ្តល់​ជំនួយ​ផ្នែក​សន្តិសុខ​ បន្ថែម​យ៉ាង​សំខាន់​ដល់​តៃវ៉ាន់ ​ក្នុង​ពេល​ឆាប់​ៗ​នេះ”។

ត្រូវបានអនុញ្ញាតដោយសភាកាលពីឆ្នាំមុន វាត្រូវបានគេប្រើ ដើម្បីបញ្ជូនអាវុធទៅអ៊ុយក្រែន អស់រយៈពេលជាងមួយឆ្នាំ ចាប់តាំងពី ប្រទេសរុស្ស៊ី បានចាប់ផ្តើមការឈ្លានពានរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។

ប្រធានមន្ទីរប៉ង់តាហ្គោន បានឲ្យដឹងនៅក្នុងសវនាការពិនិត្យ នៅចំពោះមុខសមាជិកសភាព្រឹទ្ធសភា ដោយលើកឡើងពីសំណើថវិកា ដែលបានស្នើឡើងរបស់លោក បៃដិន សម្រាប់ក្រសួងការពារជាតិថា “ទីក្រុងប៉េកាំង បានបង្កើនការគំរាមកំហែង និងការបង្កហេតុរបស់ខ្លួន នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក សម្រាប់ឆ្នាំសារពើពន្ធ ២០២៤។

លោក Austin បានលើកឡើងថា ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តដ៏យូរអង្វែងមួយ ចំពោះតៃវ៉ាន់ ដោយជួយឱ្យខ្លួនរក្សាបាននូវសមត្ថភាព ការពារស្វ័យការពារគ្រប់គ្រាន់។

ចិន​មើល​ឃើញ​កោះ​តៃវ៉ាន់ ​ជា​ខេត្ត​មួយ ​ដែល​ចង់​បង្រួប​បង្រួម​ជាមួយ​ដីគោក​វិញ​ ដោយ​បង្ខំ​បើ​ចាំបាច់។ កាល​ពី​ឆ្នាំ​មុន ក្រសួង​ការ​បរទេសអាមេរិក ​បាន​អនុម័ត​លក់​គ្រឿងបន្លាស់ និង​ជួសជុល​រថក្រោះ​តម្លៃ ១០៨ លាន​ដុល្លារ​ទៅ​ឲ្យ​តៃវ៉ាន់ ​ក្នុង​ចំណោម​ជំនួយ​ផ្សេង​ទៀត។

កោះតៃវ៉ាន់ ​បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​ ចាប់តាំងពី​ឆ្នាំ​មុន​ដែល​ការបញ្ជូន​ សព្វាវុធ​ពី​សហរដ្ឋអាមេរិក រួមទាំង​កាំជ្រួច​ប្រឆាំង​យន្តហោះ Stinger មាន​ភាពយឺតយ៉ាវ ដោយសារតែខ្លួនរងការគំរាមកំហែង ជាបន្ដបន្ទាប់ពីប្រទេចិន ​៕

ប្រែសម្រួល ឈូក បូរ៉ា

To Top