ព័ត៌មានជាតិ

លោក លឹម គានហោ អញ្ជើញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធជនកម្ពុជា ស្រុកពញាឮជាង ៥០០នាក់

ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពញាឮ រួមជាមួយលោក លោកស្រី ក្រុមការងារ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនដល់បងប្អូនអតីតយុទ្ធជនកម្ពុជា ស្រុកពញាឮ ខេត្តកណ្តាល ចំនួន ៥៤៩ នាក់ ក្នុងនោះមាន មេដាយអស្សឫទ្ធិ ០១ គ្រឿង, មាស ចំនួន ៩០ គ្រឿង និងប្រាក់ ចំនួន ៣៤០ គ្រឿង ។

មានមតិសំណេះសំណាលនាឱកាសនេះ លោកប្រធានក្រុមការងារ បានលើកឡើងថា ការជួបជុំគ្នានេះ គឺធ្វើឡើងដើម្បីបង្កឱកាសស្វែងយល់អំពីបញ្ហាប្រឈម និងការជួបប្រាស្រ័យទាក់ទង សួរសុខទុក្ខគ្នាទៅវិញទៅមក ក្នុងន័យបង្កើននូវភាពស្និទ្ធស្នាល ឲ្យកាន់តែស៊ីជម្រៅមួយកម្រិតថែមទៀត រវាងក្រុមការងាររាជរដ្ឋាភិបាល ជាមួយនឹងបងប្អូនអតីតយុទ្ធជន ។

លោកប្រធានក្រុមការងារ បានថ្លែងអំណរគុណ កោតសរសើរ វាយតម្លៃខ្ពស់ និងការដឹងគុណ ចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់ឆ្លងកាត់ជីវិតជាកងទ័ព ជាយុទ្ធជន ស្គាល់ច្បាស់ពីការលំបាក និងបានឆ្លងកាត់គ្រប់ឧបសគ្គនៅក្នុងសមរភូមិ តស៊ូប្តូរជីវិត ដើម្បីរំដោះប្រជាជន និងប្រទេសជាតិ ចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតដល់ប្រទេសជាតិមានសុខសន្តិភាព ។

ក្នុងឱកាសអញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនអតីតយុទ្ធជននៅស្រុកពញាឮ ខេត្តកណ្តាល នាពេលនេះ លោកប្រធានក្រុមការងារ បានបន្តថា នៅក្រោមម្លប់នៃសុខសន្តិភាពពេញលេញ ដែលជាផ្លែផ្កានៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រែក្លាយពីស្ថានភាពនៃការបំផ្លិចបំផ្លាញដោយសារវិនាសកម្មសង្គ្រាម មកជាមានការអភិវឌ្ឍរីកចម្រើន ជាលំដាប់លើគ្រប់វិស័យ ហើយក៏កំពុងបន្តពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួន ឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងបន្ថែមទៀត ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានគិតគូរ និងយកចិត្តទុកដាក់ជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនអតីតយុទ្ធជនកម្ពុជា ពិសេសក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ជាមួយនឹងគោលបំណងអាទិភាពចម្បងបំផុត គឺសេចក្តីសុខសាន្ត និងជីវភាពសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ ។

ជាមួយគ្នានេះ លោកប្រធានក្រុមការងារ បានធ្វើការផ្តាំផ្ញើដល់បងប្អូនអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកពញាឮ ប្តេជ្ញាបន្តគាំទ្រនូវរាល់សកម្មភាពដឹកនាំរបស់ រាជរដ្ឋាភិបាលដោយឥតងាករេ និងសូមគាំទ្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីអាណត្តិទី ៧ និងអាណត្តិបន្តបន្ទាប់ និងសូមគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ។

លោកប្រធានក្រុមការងារ បានឧបត្ថម្ភដល់បងប្អូនអតីតយុទ្ឋជន ចំនួន ៥៤៩ នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន អង្ករចំនួន ២០ គីឡូក្រាម, មីចំនួន ០១ កេសតូច, ត្រីខចំនួន ០២ យួរ និងថវិកាចំនួន ១០​ ម៉ឺនរៀល ។ ឧបត្ថម្ភកម្មវិធី ចំនួន ០៥ លានរៀល និងរដ្ឋបាលស្រុកពញាឮ ចំនួន ០១ លានរៀល ព្រមទាំងឧបត្ថម្ភដល់កងកម្លាំងមានសមត្ថកិច្ច​ផងដែរ​ ៕

To Top