ព័ត៌មានអន្តរជាតិ

អាមេរិក ចេញការព្រមានទៅ​ លើកូរ៉េខាងជើង

បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ការបាញ់បង្ហោះផ្កាយរណបកូរ៉េខាងជើងដ៏មានសក្តានុពល គឺនឹងបំពានលើការរឹតបន្តឹង អន្តរជាតិដែលដាក់លើកូរ៉េខាងជើង។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង បានលាតត្រដាងថា លោក គីម ជុងអ៊ុន បានទៅទស្សនាកន្លែងមួយដែលយានអវកាសកំពុងត្រូវបានអភិវឌ្ឍ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ អ្នកនាំពាក្យរងក្រសួងការបរទេសលោក Vedant Patel បាននិយាយថា ការបាញ់បង្ហោះនេះនឹងបំពានលើ “ដំណោះស្រាយជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ” ស្តីពីកម្មវិធីមីស៊ីលផ្លោងរបស់ប្រទេសកូរ៉េខាងជើង ដែលគ្របដណ្តប់លើគ្រាប់រ៉ុក្កែតដែលប្រើប្រាស់សម្រាប់យានអវកាសផងដែរ។

លោក Patel បាននិយាយថា “យើងច្បាស់ណាស់ថា យើងជំរុញឱ្យកូរ៉េខាងជើងជៀសវាងពីសកម្មភាពគំរាមកំហែងបន្ថែមទៀត ហើយអំពាវនាវឱ្យទីក្រុងព្យុងយ៉ាង ចូលរួមក្នុងការទូត និងនិរន្តរភាព” ។

បច្ចុប្បន្ននេះ សហរដ្ឋអាមេរិករក្សានូវការដាក់ ទណ្ឌកម្មលើកូរ៉េខាងជើង និងបានគំរាមដាក់ទណ្ឌកម្មថ្មីនាពេលកន្លងមក ជុំវិញការសាកល្បងអាវុធ។

យ៉ាងណាក៏ដោយ ទីក្រុងព្យុងយ៉ាងបានទទូច លើសិទ្ធិរបស់ខ្លួនក្នុងការអភិវឌ្ឍសមត្ថភាព យោធារបស់កូរ៉េខាងជើង ដោយលើកហេតុផលថា អាវុធរបស់ខ្លួន រួមទាំងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់គោលបំណងការពារ ហើយបានលើកឡើង ពីអ្វីដែលខ្លួនមើលឃើញថា ជាជំហរយោធាអាមេរិក ដ៏ឈ្លានពាននៅតាមព្រំដែនរបស់ខ្លួន៕

To Top