ព័ត៌មានជាតិ

គណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុងលើ សេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើ “សេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម”។

សូមបញ្ជាក់ថា ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្នុងគោលបំណងធ្វើការកែសម្រួលនូវបទប្បញ្ញត្តិគតិយុត្តណាដែលពុំទាន់មានភាពសមស្រប និងបំពេញបន្ថែមនូវបទប្បញ្ញត្តិថ្មីៗបន្ថែមទៀត ព្រមទាំងបញ្ចូលនូវប្រព័ន្ធថ្មី ដែលពុំធ្លាប់មានប្រើប្រាស់ដូចជា ប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (ប្រព័ន្ធ IPIS)ជាដើម។

សេចក្ដីព្រាងច្បាប់នេះ គឺបានប្រមូលផ្ដុំនូវរាល់បទដ្ឋានគតិយុត្តទាំងអស់ដែលទាក់ទងទៅនឹងអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មឲ្យមានលក្ខណៈប្រមូលផ្ដុំនៅក្នុងច្បាប់តែមួយដែលពីមុនបទប្បញ្ញត្តិទាំងនេះ ស្ថិតនៅក្នុងបទដ្ឋានគតិយុត្តផ្សេងៗគ្នា ហើយការប្រមូលផ្ដុំបទប្បញ្ញត្តិទាំងអស់ឲ្យនៅក្នុងច្បាប់តែមួយនេះ ធ្វើឲ្យមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងអ្នកអនុវត្តច្បាប់ផងដែរ៕

To Top