បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសរុស្សី កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសបញ្ជីពលរដ្ឋអាមេរិកចំនួន ៥០០នាក់ ដែលត្រូវហាមប្រាមមិនឲ្យធ្វើដំណើរ ចូលប្រទេសរុស្សីដែលក្នុងនោះគេសង្កេតឃើញ មានលោកអតីតប្រធានាធិបតីអាមេរិក Barak Obama ។
យោងតាមការចេញផ្សាយរបស់ RT ដែលធ្វើឡើងកាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងដែរថា បម្រាមហាមធ្វើដំណើរចូលប្រទេសរុស្សីថ្មីនេះ នឹងត្រូវដាក់ឲ្យអនុវត្តភ្លាមៗ ហើយវាគឺជាការឆ្លើយតបចំពោះ ទណ្ឌកម្មសេដ្ឋកិច្ចផ្ទួនៗ និងកាលពីពេលកន្លងមកដោយ សហរដ្ឋអាមេរិកមកលើប្រទេសរុស្សី។
នៅក្នុងសេចក្តីប្រកាសដោយក្រសួងនោះផងដែរ បានបញ្ជាក់ទៀតថា៖ វាគឺជាពេលវេលាដ៏គួរឲ្យចងចាំមួយ សម្រាប់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនថា គ្រប់ពេលដែលពួកគេប្រឆាំង និងវាយប្រហារមកលើប្រទេសរុស្សីនោះ គេនឹងទទួលបាននូវការឆ្លើយតប ដ៏ខ្លាំងក្លាមួយទៅវិញផងដែរ។
សេចក្តីថ្លែងការណ៍ដដែលបានបន្តទៀតថា៖ គោលការណ៍នៃការដាក់ទណ្ឌកម្ម ដែលជៀសមិនរួចនឹង ត្រូវបានអនុវត្តជាប់លាប់ មិនថាយើងកំពុងនិយាយអំពី ការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹង ឬជំហានរើសអើងដើម្បីរារាំង សកម្មភាពវិជ្ជាជីវៈរបស់ ប្រជាពលរដ្ឋរបស់យើងនោះទេ ៕
ប្រែសម្រួល៖ ស៊ុន លី