បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួននឹងគាំទ្រដល់ការផ្តល់ យន្តហោះចម្បាំងទំនើបៗ រួមទាំងយន្តហោះ F-16 ដែលផលិតដោយសហរដ្ឋអាមេរិក ឲ្យដល់អ៊ុយក្រែន និងជួយបណ្តុះបណ្តាលអ្នកបើកយន្តហោះ អ៊ុយក្រែនឱ្យចេះហោះហើរផងដែរ ។
មន្ត្រីជាន់ខ្ពស់សេតវិមានបានឲ្យដឹងថា លោកប្រធានាធិបតី បៃដិន បានប្រាប់ដល់មេដឹកនាំក្រុម G7 នៅប្រទេសជប៉ុនអំពីការសម្រេចចិត្តមួយនេះ ។
ប្រធានាធិបតីលោក Volodomyr Zelensky ដែលបានស្នើសុំយន្តហោះចម្បាំង ជាច្រើនខែបានថ្លែងថា ការសម្រេចចិត្តនេះនឹង ”ពង្រឹងកងទ័ពរបស់យើងនៅលើ មេឃកាន់តែខ្លាំងថែមទៀត” ។
ការយល់ព្រមរបស់សហរដ្ឋអាមេរិក សម្រាប់គម្រោងនេះមានន័យថា ប្រទេសផ្សេងទៀតអាចនាំចេញយន្តហោះ F-16 របស់ពួកគេ ។
នេះក៏ព្រោះតែសហរដ្ឋអាមេរិក ត្រូវអនុម័តដោយស្របច្បាប់លើ ការនាំចេញឧបករណ៍ដែលបាន ទិញឡើងវិញដោយសម្ព័ន្ធមិត្ត ។
មន្ត្រីរូបនេះបានលើកឡើងថា សហរដ្ឋអាមេរិក នឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើងក្នុងការបណ្តុះបណ្តាល អ្នកបើកយន្តហោះអ៊ុយក្រែន ឲ្យចេះប្រើប្រាស់យន្តហោះចម្បាំងជំនាន់ទី៤ រួមទាំងយន្តហោះ F-16 ដើម្បីពង្រឹង និងពង្រឹងសមត្ថភាពរបស់កងទ័ព អាកាសអ៊ុយក្រែនបន្ថែមទៀត ។
មន្ត្រីបានបញ្ជាក់ថា “នៅគ្រាដែលការហ្វឹកហ្វឺនធ្វើឡើង ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ សម្ព័ន្ធប្រទេសរបស់យើងដែលចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែងនេះនឹងសម្រេចថា នៅពេលណាដែលត្រូវផ្តល់យន្តហោះពិតប្រាកដ តើយើងនឹងផ្តល់យន្តហោះចំនួនប៉ុន្មាន ហើយអ្នកណានឹងផ្តល់ឱ្យពួកគេ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា