ព័ត៌មានជាតិ

អគ្គលេខាធិការ អង្គការទេសចរណ៍ពិភពលោក ផ្ញើសារស្ញប់ស្ញែងទឹកចិត្តមនុស្សធម៌ របស់សម្តេចតេជោ

ភ្នំពេញ៖ អគ្គលេខាធិការ អង្គការទេសចរណ៍ពិភពលោក (UNWTO-World Tourism Organization ) លោក Zurab Pololikashvili បានផ្ញើលិខិតមួយ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបានកោតសរសើរ យ៉ាងជ្រាលជ្រៅបំផុតចំពោះ ទឹកចិត្តប្រកបដោយមនុស្សធម៌របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឱ្យ នាវា MS Westerdam ចូលចត។

ក្នុងលិខិតរបស់ អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក បានរៀបរាប់ថា លោកសូមសម្តែងនូវការកោតសរសើរ យ៉ាងជ្រាលជ្រៅបំផុត ក្នុងនាមអង្គការទេសចរណ៍ពិភពលោក ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លើយតប ប្រកបដោយមនុស្សធម៌ គួរឲ្យកត់សម្គាល់ ចំពោះស្ថានភាពដ៏លំបាក នៃនាវាទេសចរណ៍ MS Westerdam ដោយបានទទួលស្វាគមន៍ យ៉ាងកក់ក្តៅ និងអនុញ្ញាតឲ្យចុះចត នៃកំពង់ផែខេត្តព្រះសីហនុ បើទោះបីស្ថិតក្នុងស្ថានភាពនៃការភ័យខ្លាច នៃជំងឺវីរុសកូរ៉ូណាក៏ដោយ។

លោកអគ្គលេខាធិការ បានលើកឡើងថា “យើងពិតជាមានមោទនភាពណាស់ ចំពោះការបង្ហាញចេញរបស់កម្ពុជា នូវសាមគ្គីអន្តរជាតិ ដែលនឹងលើកទឹកចិត្ត ដល់ប្រទេសផ្សេងៗទៀតអោយធ្វើតាម និងផ្តល់នូវការជួយគាំទ្រដ៏ចាំបាច់ជាច្រើន នៅពេលណាដែលមានតម្រូវការ”។

លោកបន្តថា “ខ្ញុំសូមគូសបញ្ជាក់ថា អង្គការទេសចរណ៍ពិភពលោក សូមកោតសរសើរដ៏ស្មោះ ចំពោះសេចក្តីក្លាហាន និងការបង្ហាញយ៉ាងកក់ក្តៅ នូវក្តីស្រឡាញ់ជាលក្ខណៈបងប្អូន ជូនចំពោះអ្នកដំណើរជាង២០០០នាក់ ដែលនៅតែលតោលលើសមុទ្រ”៕

To Top