ព័ត៌មានជាតិ

សម្តេចតេជោ ៖ ផែរាមនៅលើគោក គេមិនយល់ ដូច្នេះកម្ពុជា​ ក៏មានសិទ្ធិមិនយល់ ពីនុយក្លេអ៊ែរ

ភ្នំពេញ ៖ ប្រធានបទកំពង់ផែរាម នៅតែជាបញ្ហាចោទ សម្រាប់ជនបរទេសមួយក្តាប់តូច ដោយសារបញ្ហានេះនៅតែអូសបន្លាយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឲ្យដឹងថាករណីនេះនៅលើគោកសោះ ប៉ុន្តែបែរជាពួកគេមិនយល់ ដូច្នេះកម្ពុជាក៏មានសិទ្ធិមិនយល់ដែរ រឿងនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ ។

ការលើកឡើងរបស់ សម្ដេចនាយករដ្ឋមន្ដ្រីកម្ពុជា ក្រោយមានបណ្ដាប្រទេសមួយចំនួនទៀត បានបន្តចោទអំពីវត្តមានកងទ័ពចិននៅកម្ពុជា តាមរយៈការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹក នៅកំពង់ផែរាម។

ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាថ្ងៃ២២ ឧសភា សម្ដេចតេជោមានប្រសាសន៍ថា «ខ្ញុំ សូមបញ្ជាក់ថា បើអ្នកមិនជឿខ្ញុំ ខ្ញុំក៏ជឿអ្នកដែរ វាមិនមែនមានសិទ្ធិតែរបស់អ្នកឯងទេ វាជាសិទ្ធិរបស់ខ្ញុំដែរ ។ ត្រូវយល់អំពីបញ្ហាហ្នឹង នៅពេលប្រជុំអាស៊ាន ខ្ញុំនិយាយច្បាស់បញ្ហាហ្នឹង ហើយម្ង៉ៃៗ និយាយតែពីរឿងរាម ខ្ញុំបានប្រាប់ថា រាមនៅលើគោក តែអ្វីដែលលំបាកនោះ គឺអានៅក្រោមទឹកនេះ ជានុយក្លេអ៊ែល ឬអត់?»។

សម្ដេចបន្ដថា «ខ្ញុំនិយាយ៣ដងក្នុងអាស៊ាន អារឿងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ ខ្ញុំថា នេះជាចំណុចចាប់ផ្តើម បើមិនគ្រោះថ្នាក់ដល់អាស៊ានទេ ក៏វាជាចំណុចចាប់ផ្តើម នៃការរត់ប្រណាំងសព្វាវុធ នៅក្នុងតំបន់ដែរ។ កម្ពុជានៅលើគោកសោះពន្យល់ មិនព្រមយល់ បើអីចឹងកម្ពុជា ក៏មានសិទ្ធិមិនយល់នូវការពន្យល់របស់អ្នកទាំងឡាយផងដែរ»។
លើសពីនេះ សម្ដេចតេជោឲ្យដឹងទៀតថា ចិនមិនដែលបញ្ជាកម្ពុជា ឲ្យធ្វើនេះ ធ្វើនោះឡើយ ខណៈគោលនយោបាយរបស់ចិន មិនយកប្រទេសណាជាសត្រូវនោះទេ។

សម្ដេចគូសបញ្ជាក់ថា «វ៉ាង វិនធាន(ទូតចិន) មិនដែលមកប្រាប់កម្ពុជា នែកកុំទៅធ្វើនេះ ទៅធ្វើនោះ អត់ដែលមានទេ។ កម្ពុជាមិនដែលទទួលបានទេ សូម្បីតែឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន ប្រាប់ថា នែកកុំទំនាក់ទំនងប្រទេសនេះប្រទេសនោះ គឺអត់ទេ»។

នាឱកាសនោះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានលើកឡើងថា មានអ្នកខ្លះចោទកម្ពុជា ជាអាយ៉ងចិន ឬវៀតណាម ខណៈសម្ដេចឆ្លើយតបវិញថា «អ្នកឯងថាអី ថាទៅ» ជាក់ស្ដែងកម្ពុជាអនុវត្តនយោបាយឯករាជ្យ ដោយឈរលើច្បាប់៕

To Top