ព័ត៌មានជាតិ

រដូវបិទនេសាទ ចូលមកដល់ ត្រូវប្រើតែឧបករណ៍នេសាទគ្រួសារ

ភ្នំពេញ ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា រដូវបិទនេសាទសម្រាប់ការនេសាទ នៅក្នុងដែននេសាទទឹកសាប បានចូលមកដល់ហើយ ដូច្នេះហាម ប្រើឧបករណ៍នេសាទជាលក្ខណៈទ្រង់ទ្រាយធំៗ ត្រូវប្រើឧបករណ៍ជាលក្ខណៈគ្រួសារប៉ុណ្ណោះ ។

ក្នុងនោះ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប រួមមាន ៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ ។

ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ខែតុលា រួមមាន ៖ ខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ។

នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវ ប្រើតែឧបករណ៍នេសាទគ្រួសារ ៕

To Top