SEA GAME

សម្តេចតេជោ ៖ ស៊ីហ្គេម បានត្រៀមអង្គរក្សខ្ញុំ ២ពាន់នាក់ការពារ បើសិនមានហេតុការណ៍ ណាមួយកើតឡើង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ឲ្យដឹងថា សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២កន្លងមកនេះ មានកងកម្លាំងអង្គរក្ស២ពាន់នាក់របស់សម្តេចត្រូវបានរៀបចំហ្វឹកហាត់យ៉ាងល្អ ក្នុងការត្រៀមបំរុងសម្រាប់ការពារសន្តិសុខ ប្រសិនបើមានហេតុការណ៍ណាមួយកើតឡើងពួកគេ នឹងជួយបានភ្លាមៗតែម្តង ។ សម្តេចថា ការដាក់អង្គរក្សនេះ ដោយអ្នកខ្លះក៏មិនដឹងនោះទេ។

ការទម្លាយពីការដាក់កំលាំងសម្ងាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ត្រូវបានសម្តេចតេជោឲ្យដឹងក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី២៤ឧសភា ។

សម្តេចតេជោថា រយៈពេល១០ថ្ងៃទៀត ការរៀបចំកីឡាប៉ារ៉ាហ្គេមនឹងមកដល់ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ខណៈការរៀបចំស៊ីហ្គេមទទួលបានជោគជ័យ។ សម្តេចគូសបញ្ជាក់ថា «ខ្ញុំសូមនិយាយរឿងនេះ សូមអរគុណលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ដែលបានចូលរួមនិងរៀបចំស៊ីហ្គេមកន្លងទៅ! សូមអរគុណសិល្បករ-សិល្បការិនីដែលបានហ្វឹកហ្វាត់រាប់ខែ ហើយខ្ញុំពិតជារកឃើញកន្លែងទាស់មិនឃើញសោះ ព្រោះចលនារបស់មនុស្សផ្សារភ្ជាប់គ្នាអត់ដាច់រយៈនោះទេ»។

សម្រាប់ការរៀបចំស៊ីហ្គេមកន្លងមកនេះ សម្តេចតេជោក៏គូសបញ្ជាក់ថា «អង្គរក្សខ្ញុំ២ពាន់នាក់បានយកមកហ្វឹកហាត់ ហើយបម្រើឲ្យសិល្បៈនៅទីនោះផង ប៉ុន្តែមានការចលាចលណាមួយកើតឡើង គឺអង្គរក្សនៅទីនោះនឹងគ្រប់គ្រងសភាពការណ៍នោះតែម្តង ។ នេះនិយាយឲ្យបានដឹងតិចចុះថា ជួនកាលអង្គរក្សគេឈរនៅជាមួយអ្នកនេះ អ្នកនោះ តែគេជាអង្គរក្សទេអាហ្នឹងត្រូវប្រយ័ត្នប្រយែង»។

សម្តេចតេជោបានលើកជាឧទាហរណ៍ថា បើសិនមានការសង្គ្រោះបន្ទាន់ ឬហេតុការណ៍កើតណាមួយកើតឡើងដោយប្រការណាមួយ កំលាំងជាង២ពាន់នាក់នោះបូក ជាមួយកំលាំងអន្តរាគមន៍ដទៃទៀតអាចដោះស្រាយបញ្ហាបានភ្លាមៗតែម្តង ៕

To Top