ព័ត៌មានជាតិ

សម្តេច ស ខេង ៖ សមត្ថកិច្ចត្រូវដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យទារក ម្នាក់ស្លាប់លើស្ពានជ្រោយចង្វារ

ភ្នំពេញ ៖ ទោះបីជាករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យ ទារកម្នាក់ស្លាប់យ៉ាងអណោចអធមហួសកន្លងទៅ អស់រយៈពេលជាច្រើនខែក៏ដោយ ប៉ុន្តែសម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ)មិនភ្លេចឡើយដោយបានណែនាំដល់សមត្ថកិច្ចត្រូវខិតខំប្រឹងប្រែងដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីផ្តល់ភាពយុត្តិធម៌ដល់គ្រួសារ។

ក្រោយបញ្ចប់ទិវាសប្ដាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៤ នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃ២៥ ឧសភា សម្ដេច ស ខេង បានផ្តល់បទសំភាសន៍យ៉ាងខ្លីដល់អ្នកសារព័ត៌មានដោយ ស្នើសមត្ថកិច្ចគ្រប់គ្រងគោលដៅនៃគ្រោះថ្នាក់ចរាចរណ៍ ត្រូវខិតខំប្រឹងប្រែងដោះស្រាយ ដើម្បីផ្តល់យុត្តិធម៌ដល់អ្នករងគ្រោះ។ ក្នុងនោះ «ហេតុការណ៍ដែលកើតឡើងនៅកន្លែងមួយ (ទារកស្លាប់លើស្ពានជ្រោយចង្វារក្នុងគ្រោះថ្នាក់ចរាចរណ៍)សមត្ថកិច្ចនៅកន្លែងនោះ ត្រូវខិតខំប្រឹងប្រែងដោះស្រាយផ្ដល់យុត្តិធម៌ឲ្យអ្នករងគ្រោះ»។ នេះបើតាមការគូសបញ្ជាក់របស់សម្តេច ស ខេង បន្ថែមទៀត។

គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Lexus NX200T និងម៉ូតូមួយគ្រឿង បានកើតឡើងនៅវេលាម៉ោង២ទៀបភ្លឺ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅលើស្ពានជ្រោយចង្វារចាស់បណ្តាលឲ្យអ្នក ជិះម៉ូតូ៣នាក់រងរបួសធ្ងន់ក្នុងនោះមានទារកម្នាក់។ ម្ចាស់រថយន្តឈ្មោះ សោម ណូរីទីឃា ភេទប្រុស អាយុ១៩ឆ្នាំ បានបើកបរក្នុងស្ថានភាពស្រវឹង និងមិនប្រុងប្រយ័ត្នបណ្តាលឲ្យបុកម៉ូតូ។ ចំណែកទារករងគ្រោះមានអាយុ៦០ថ្ងៃ បានទទួលមរណៈភាព នារយៈពេល៦ថ្ងៃក្រោយមក។ ប៉ុន្តែរហូតមកដល់ពេលនេះ ជនបង្កមិនទាន់បង្ហាញមុខ ទទួលខុសត្រូវនៅមុខច្បាប់នៅឡើយទេ។ អ្នកនាំពាក្យនៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា ក្រោយទទួលបានសំណុំរឿងខាងលើ តំណាងអយ្យការបានស៊ើបអង្កេត បានស្តាប់ចម្លើយភាគីពាក់ព័ន្ធ ហើយបានចេញដីកាឲ្យជនបង្កឈ្មោះ សោម ណូរីទីឃា ចូលខ្លួនដោះស្រាយទទួលខុសត្រូវ ប៉ុន្តែជននេះនៅតែមិនត្រូវបាននាំឲ្យអយ្យការ ដើម្បីស្តាប់ចម្លើយ អំពីអង្គហេតុខាងលើ៕

To Top