ព័ត៌មានអន្តរជាតិ

យោធាអ៊ុយក្រែន ប្រើប្រាស់ទូកល្បឿនលឿន គ្មានមនុស្សបើក ៣គ្រឿង វាយប្រហារ កប៉ាល់ឈ្លបយកការណ៍ របស់កងទ័ពជើងទឹករុស្ស៊ី

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងកាលពីថ្ងៃពុធថា កប៉ាល់ឈ្លបយកការណ៍​ របស់កងទ័ពជើងទឹករុស្ស៊ី ‘Ivan Churs’ ត្រូវរងការវាយប្រហារដោយ ទូកល្បឿនលឿនគ្មានមនុស្សបើកចំនួន ៣គ្រឿង របស់យោធាអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា នាវានេះត្រូវបានកំណត់គោលដៅ ដោយយានគ្មានមនុស្សបើក នៅពេលព្រឹកព្រលឹមនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសតួកគី ដែលមានចម្ងាយប្រហែល ១៤០គីឡូម៉ែត្រ ភាគឦសាននៃច្រកសមុទ្រ Bosporus, នេះបើតាមអ្នកនាំពាក្យ របស់ក្រសួងការពារជាតិរុស្ស៊ី លោកឧត្តមសេនីយឯក Igor Konashenkov បាននិយាយក្នុងអំឡុង សន្និសីទប្រចាំថ្ងៃមួយ។

លោក Konashenkov បានកត់សម្គាល់ថា កប៉ាល់កំពុងល្បាតតំបន់ក្បែរ បំពង់បង្ហូរឧស្ម័នធម្មជាតិ TurkStream និង Blue Stream ដោយបន្ថែមថា ការល្បាតរបស់កងទ័ពជើងទឹក ត្រូវបានដាក់ពង្រាយ បន្ទាប់ពីការវាយប្រហារលើបំពង់បង្ហូរ Nord Stream កាលពីខែកញ្ញាឆ្នាំមុន។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ «កប៉ាល់សត្រូវទាំងអស់ត្រូវបាន បំផ្លាញដោយអាវុធរបស់កប៉ាល់រុស្ស៊ី»។

យោធាបានចែករំលែកវីដេអូនៃឧប្បត្តិហេតុនេះ ដោយបង្ហាញទូកល្បឿនលឿនពណ៌ខ្មៅ តូចមួយកំពុងចូលមកក្រោម ការបាញ់បាញ់ដោយកាំភ្លើងធំ។ កប៉ាល់ទាំងនោះ ត្រូវរងការបាញ់ប្រហារ និងផ្ទុះ ដែលបន្សល់ទុកផ្សែងខ្មៅលើផ្ទៃទឹក ៕

ប្រែសម្រួលៈ ណៃ តុលា

To Top