ភ្នំពេញ ៖ សំដៅដល់កញ្ញាសេង ធារី ជាអ្នកជំនាញផ្នែកច្បាប់ហើយមានរហស្សនាមថា ជានារីអប្សរាក្បាលត្រងោកំពុងជាប់ពន្ធនាគារនៅខេត្តព្រះវិហារ ហើយធ្លាប់អះអាងថា ធ្វើកូដកម្មបង្អត់បាយខ្លួនឯងក្នុងពេលប្រធានាធិបតីអាមេរិកមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានឌឺដងថា បើនាងអប្សរាក្បាល ត្រងោចិត្តខ្លាំងដូចមាត់និយាយមែននោះ សុំឲ្យអត់ហូបបាយរហូតទៅ ។
កញ្ញា សេង ធារី ត្រូវបានគេចាប់អារម្មណ៍ក្រោយ នាងបានសម្រេចចិត្តកោរសក់ និងស្លៀកឈុតជាលក្ខណៈនារីអប្សរាចូលរួមក្នុងសវនាការនាដើមខែធ្នូ ឆ្នាំ២០២១ ។
ជាថ្មីម្តងទៀត សម្តេចតេជោបានគាស់រំលឹកឡើងវិញក្នុងពេលចុះជួបកម្មករ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុបភ្នំពេញ នាថ្ងៃ២៦ ឧសភា ថា “ដូចជាអប្សរាក្បាលត្រងោ(សេង ធារី) អាងឯងជាតិអាមេរិកដុកទ័រច្បាប់អីណា ។ អឺមីនាង មិនទាន់ដល់ពេលទេ មីនាងធ្វើជាអប្សរាក្បាលត្រងោពាក់អីណា តែដល់ម៉ោងសាលក្រមចេញហើយ វៃខ្នោះគ្រឹបហ្នកព្រះវិហារ(គុក)។ ដល់ពេលប្រធានាធិបតីអាមេរិកមក គេធ្វើជាកូដកម្មអត់បាយ ។ អើអត់បាយក៏អត់ទៅ វាមិនដែលយើងជាអ្នកឃ្លានជំនួសទេវើយ ។ឥឡូវជ្រះវិញហើយអី…កុំនិយាយស៊ី ឬក៏ញ៉ាំវិញហើយនាង បើចឹងឲ្យវាអត់រហូតតែម៉ងទៅ” ។
សម្តេចនាយករដ្ឋមន្រ្តី ក៏បានធ្វើការរំលឹកប្រៀបប្រដូចពីករណីសេង ធារី កូដកម្មអត់បាយនេះទៅមនុស្សមួយចំនួនដែលកាលពីអំឡុងឆ្នាំ២០០២ នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ក៏មានអ្នកខ្លះធ្វើកូដកម្មអត់បាយដែរ តែសម្តេចថា ពួកគេធ្វើកូដកម្មអត់បាយក៏ពិតមែន តែគុយទាវមានទៅអត់ហូបឯណា ។
ក្នុងពេលកម្ពុជាធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលអាស៊ាននៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ហើយក៏បានឆ្លៀតឱកាសជួបផ្ទាល់ជាមួយសម្តេចតេជោ ប៉ុន្តែក្នុងជំនួបនោះ ពុំបានលើកពីវត្តមានរបស់សេង ធារីនោះទេ ។
សូមរំលឹកថា កញ្ញា សេង ធារី ត្រូវបានចាប់ខ្លួនភ្លាមបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ និងបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តព្រះវិហារ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។
សមត្ថកិច្ចចាប់ខ្លួន សេង ធារី ក្រោមការចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំ រជរដ្ឋាភិបាលកម្ពុជា តាមរយៈផែនការ ៩ វិច្ឆិកា ២០១៩ (វិលចូលស្រុកលោក សម រង្ស៊ី) ៕