ព័ត៌មានជាតិ

សម្តេចតេជោ ស្នើគ្រប់ភាគី ខិតខំដោះស្រាយ វិវាទកម្មករ ឲ្យបានឆាប់រហ័ស

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យគ្រប់ភាគីទាំងអស់ ត្រូវរួមគ្នាខិតខំដោះស្រាយរាល់វិវាទ ជាមួយកម្មករឲ្យឆាប់រហ័ស កុំអូសបន្លាយរយៈពេលយូរ រហូតដល់ចូលដៃតុលាការ ។

ការអំពាវនាវនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាល ជាមួយកម្មករ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នាព្រឹកថ្ងៃ២៦ ឧសភា ។ សម្តេចតេជោបញ្ជាក់យ៉ាងដូច្នេះថា «បើសិនមានករណីវិវាទ ត្រូវដោះស្រាយ កុំទុកយូរកុំចិញ្ចឹមទំនាស់ សហជីព ជាមួយម្ចាស់រោងចក្រ តំណាងកម្មករ សហជីព ដោយមានការចូលរួមពីក្រសួងការងារ និងអាជ្ញាធរមានសមត្ថកិច្ចត្រូវដោះស្រាយ ឲ្យបានឆាប់រហ័សបំផុត តាមគោលនយោបាយ ឈ្នះ ឈ្នះ»។

សម្តេចក៏បានស្នើឲ្យគ្រប់ភាគី ចាប់ផ្តើមដោះស្រាយក្រៅប្រព័ន្ធតុលាការ ជៀសវាងដោះស្រាយតាមតុលាការ រាប់ទាំងករណីថៅកែ រត់ចោលកម្មករ ដោយមិនចាំបាច់រងចាំថៅ កែមកដោះស្រាយ ឬរងចាំតុលាការ ប្រកាសលក់ឡៃឡុងនោះទេ គឺវាយឹតដូច្នេះក្រសួងការងារត្រូវដោះស្រាយ។

សម្តេចក៏បានលើកឡើងថា កន្លងមកសម្តេច តែងតែធ្វើបុរេប្បទានលុយ(ផ្ទេរ) ទៅឲ្យក្រសួងការងារ ដើម្បីដោះស្រាយបញ្ហាជូនកម្មករ ព្រោះបើនីតិវិធីផ្លូវតុលាការយូរ ហើយពេលខ្លះការលក់ឡៃឡុងនោះ យកមកសងកម្មករមិនគ្រប់ផងដែរ។

ជាមួយគ្នានោះដែរ សម្តេចបន្តថា កន្លងមកកម្មករមិនត្រូវ បានបង់ផលប្រយោជន៍នោះទេ ដោយសាររាជរដ្ឋាភិបាលតែងតែធ្វើការប៉ះប៉ូវសង នូវការខ្វះខាតជានិច្ច។

សម្តេចបញ្ជាក់ថា «ម្ចាស់រោងចក្ររត់ទៅបាត់ ហើយចាំអ្នកណាសង យើងលក់ឡៃឡុងវាមិនគ្រប់ មានតែវិធីមួយប៉ះប៉ូវ ប៉ុន្តែវិធីហ្នឹង ចាំដល់ពេលរួចជំពាក់ប៉ុន្មាន? ដល់ពេលណាទូទាត់បញ្ជីគ្នាម្តង ដើម្បីផ្តាច់កុំឲ្យជំពាក់ពីព្រោះថា ករណីហ្នឹងក្រសួងការងារជំពាក់រដ្ឋ ប៉ុន្តែដល់ពេលណាមួយថា សងអត់បានទេ មានតែប្រើវិធីមួយគឺកាត់ផ្តាច់ដែលផលនោះអ្នកទទួលបានគឺកម្មករ»។

សម្តេចបន្ថែមថា ការចុះជួបកម្មករនេះ ដើម្បីដឹងសុខទុក្ខកម្មករ ខុសពីនាយករដ្ឋមន្ត្រីប្រទេសដទៃ គឺមានភាពស្រួល ដោយឡើងកាន់អំណាចស្រួលមានអ្វីៗទាំងអស់ តែសម្តេចឡើងមកកាន់អំណាច ពីបាត់ដៃទទេ។ សម្តេចក៏បានអំពាវនាវ ដល់កម្មករទាំងអស់ ត្រូវខិតខំរួមគ្នា ដើម្បីធ្វើឲ្យប្រទេសមានស្ថេរភាព សុខសន្តិភាព ៕

To Top