ភ្នំពេញ ៖ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅលើ សកលលោក រដ្ឋាភិបាលជប៉ុន បានសម្រេចចិត្តផ្ដល់ជូនសម្ភារៈបរិក្ខារពេទ្យ ដល់ប្រទេសកម្ពុជា ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២០ បានឲ្យដឹងថា “សម្ភារៈបរិក្ខារពេទ្យ ដែលផ្ដល់ជូនកម្ពុជារួមមាន ៖ អាវបំពង់ ៩,៣៦០សម្រាប់ ,អាកុលសម្អាតដៃ ៤៨០ ,វ៉ែនតាការពារសុវត្ថិភាព៥៤០ និង ស្រោមដៃ ២៤,៤០០ គូជាដើម “។
ទូតជប៉ុនបន្ដថា សម្ភារៈទាំងនេះ គឺជាផ្នែកមួយនៃឧបករណ៍ការពារខ្លួន ដែលមូលនិធិអាស៊ី-អឺរ៉ុប (ASEF) បាន ស្ដុកទុក ក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលជប៉ុន ហើយសម្ភារៈទាំងនេះ នឹងត្រូវបានផ្ញើមកដល់កម្ពុជា ពីឃ្លាំងនៅ ប្រទេសសិង្ហបុរី ដោយមានការសម្របសម្រួល ពីការិយាល័យអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិចខាងលិច (WPRO)។
ទូតជប៉ុនបញ្ជាក់ថា ការលើកស្ទួយកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺមិនអាចខ្វះបាន ដើម្បីការពារការរីក រាលដាលថែមទៀត នៃការឆ្លងវីរ៉ុសកូរ៉ូណាប្រភេទថ្មី ។ ជាមួយគ្នានេះ ប្រទេសជប៉ុន ចង់ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសកម្ពុជា ។
សូមរំលឹកថា មូលនិធិអាស៊ី-អឺរ៉ុប (ASEF) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ នៅប្រទេសសិង្ហបុរី ជាអង្គភាព អចិន្ត្រៃន៍មួយនៃកិច្ចប្រជុំអាស៊ី – អឺរ៉ុប (ASEM) ដែលមានសកម្មភាពជាច្រើន ផ្ដោតទៅលើវិស័យវប្បធម៌ -សង្គម ៕ ដោយ៖ អេង ប៊ូឆេង