បរទេស ៖ ប្រទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ បានទាមទារឱ្យចិនដកកប៉ាល់ប្រមូលទិន្នន័យ Xiang Yang Hong 10 និងកងនាវាការពារឆ្នេរសមុទ្រ និងនាវានេសាទ ចេញពីដែនទឹករបស់វៀតណាម ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យរងក្រសួង ការបរទេសវៀតណាម លោកស្រី Pham Thu Hằng បានធ្វើការកត់សម្គាល់ជាការឆ្លើយតប ទៅនឹងសំណួរ របស់អ្នកសារព័ត៌មាន អំពីប្រតិកម្មរបស់វៀតណាម ចំពោះការឈ្លានពាន របស់ចិននាពេលថ្មីៗនេះ ដោយនាវាចិនចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់វៀតណាមនៅសមុទ្រខាងកើត (ដែលគេស្គាល់ជាអន្តរជាតិថា សមុទ្រចិនខាងត្បូង)។
លោកស្រី Hằng បាននិយាយថា “ដូចរបាយការណ៍ពីមុន កប៉ាល់ប្រមូលទិន្នន័យរបស់ចិន Xiang Yang Hong 10 រួមជាមួយនឹងនាវាឆ្មាំឆ្នេរសមុទ្រ និងនាវានេសាទមួយចំនួន បានបំពានលើតំបន់ EEZ របស់វៀតណាម ដែលត្រូវបានបង្កើតឡើងស្របតាមបទប្បញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់នៃ សមុទ្រឆ្នាំ ១៩៨២” ។
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ក្រសួងការបរទេសវៀតណាម និងស្ថាប័នពាក់ព័ន្ធបានទំនាក់ទំនងម្តងហើយម្តងទៀតជាមួយអាជ្ញាធរចិន និងអនុវត្តវិធានការស្រប តាមច្បាប់អន្តរជាតិ និងច្បាប់វៀតណាម ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វៀតណាម។
វៀតណាមទាមទារឱ្យស្ថាប័ន ពាក់ព័ន្ធរបស់ចិនគោរពតាមការយល់ឃើញរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បញ្ចប់សកម្មភាពបង្កហេតុ របស់ខ្លួនជាបន្ទាន់ ដកនាវា Xiang Yang Hong 10 និងនាវាឆ្មាំសមុទ្រ និងនាវានេសាទផ្សេងទៀត ចេញពីដែនទឹកវៀតណាម គោរពអធិបតេយ្យភាព របស់វៀតណាម និងសិទ្ធិយុត្តាធិការ គោរពយ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសស្តីពីការប្រតិបត្តិ (DOC) របស់ភាគីនានា នៅសមុទ្រចិនខាងត្បូង ឆ្ពោះទៅរកការថែរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅសមុទ្រខាងកើត ព្រមទាំងរួមចំណែក ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី៕