ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី មិនអនុញ្ញាត ឱ្យមានមូលដ្ឋាន យោធាអាមេរិក ដូចនៅហ្វីលីពីនឡើយ

បរទេស ៖ លោក Olly Dondokambey អភិបាលខេត្ត North Sulawesi របស់ប្រទេស ឥណ្ឌូនេស៊ី បានប្រាប់ Sputnik ថា ឥណ្ឌូណេស៊ី គឺជាប្រទេសអព្យាក្រឹត ហើយខ្លួននឹងមិនដាក់មូលដ្ឋានយោធា របស់សហរដ្ឋអាមេរិក នៅលើទឹកដី របស់ខ្លួន ដូចហ្វីលីពីនបានធ្វើនោះទេ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Dondokambey ថា៖ «ប្រព័ន្ធនយោបាយ របស់ប្រទេសឥណ្ឌូនេស៊ី គឺផ្អែកលើគោលការណ៍ពីរ គឺសកម្មភាព និងសេរីភាព ។

លោកបន្តថា “នេះមានន័យថា យើងនឹងមិនចូលភាគី នៅក្នុងការប្រឈមមុខដាក់គ្នា រវាងមហាអំណាច ហើយយើងមានគោលការណ៍ផ្ទាល់ខ្លួន របស់យើង។ ដូច្នេះសេណារីយ៉ូ ដែលយើងអាចធ្វើជាម្ចាស់ផ្ទះមូលដ្ឋាន យោធាអាមេរិក គឺមិនអាចទៅរួចទេ” ។

លោកបានបន្ថែមថា ទោះបីជាខេត្ត North Sulawesi នៅជិតនឹងប្រទេសហ្វីលីពីន និងដែនទឹកដែលមានជម្លោះក៏ដោយ ក៏ខេត្តនេះមិនបានរកឃើញថា ខ្លួនជាចំណុចកណ្តាល នៃជម្លោះក្នុងតំបន់នោះដែរ។

កាលពីដើមខែឧសភា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បាននិយាយថា រដ្ឋាភិបាលហ្វីលីពីន បានប្រឆាំងទៅនឹងការបង្កហេតុ ខាងយោធានៅក្នុងតំបន់ ហើយបានបញ្ជាក់ថា លោកនឹងមិនអនុញ្ញាត ឱ្យប្រទេសជាតិត្រូវបានប្រែក្លាយ ទៅជាកន្លែងសម្រាប់យុទ្ធនាការយោធា របស់ប្រទេសណាមួយឡើយ ។

លោកក៏បាននិយាយផងដែរថា លោកបានធានា ចំពោះរដ្ឋមន្ត្រីការបរទេសចិន Qin Gang ថា មូលដ្ឋានទ័ពអាមេរិកថ្មីទាំងបួននៅក្នុងប្រទេសហ្វីលីពីន គឺនឹងមិនត្រូវបានប្រើ ដើម្បីវាយប្រហារ ប្រទេសណាមួយឡើយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top