កណ្តាល ៖ ក្រុមការងារគណៈចលនាកម្មករ កម្មការិនី ស្រុកពញាឮ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពញាឮ រួមជាមួយប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនកម្មករ-កម្មការិនី បម្រើការងារនៅរោងចក្រកាត់ដេរ ក្នុងឃុំចំនួន៦ ប្រមាណ៨ពាន់នាក់ នាបរិវេណវត្ត កែវមូលី និងវត្តអរិយស្សប ស្រុកពញាឮ ខេត្តកណ្តាល។
តំណាងរបស់លោករដ្ឋមន្រ្តី បានលើកឡើងថា ការជួបជុំគ្នានេះ គឺធ្វើឡើង ដើម្បីបង្កឱកាសជួបជុំគ្នា ស្វែងយល់អំពីបញ្ហាប្រឈមមួយចំនួន ដែលបានកើតឡើងនាពេលបច្ចុប្បន្ន និង ការជួបប្រាស្រ័យទាក់ទង សួរសុខទុក្ខគ្នាទៅវិញទៅមក ក្នុងន័យបង្កើននូវភាពស្និទ្ធស្នាល ឱ្យកាន់តែស៊ីជម្រៅមួយកម្រិតថែមទៀត រវាងក្រុមការងារ និងបងប្អូនកម្មករ កម្មការិនី ដែលកិច្ចការទាំងនេះ ក្រុមការងារគណៈចលនាកម្មករ កម្មការិនីស្រុកពញាឮ បានធ្វើជាប់ជាប្រចាំរៀងរហូតមក ហេីយជាភ័ព្វសំណាងយ៉ាងខ្លាំង សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកពញាឮ ក៏ដូចជាបងប្អូនកម្មករ-កម្មការិនីយេីង ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយ នាពេលខាងមុខនេះ។
ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងដើម្បីបម្រើផលប្រយោជន៍ជាតិ ថែរក្សាការពារស្ថិរភាព បូរណភាពទឹកដី ឯករាជ្យ សន្តិភាព និងការអភិវឌ្ឍន៍ជាតិ ។ បងប្អូនកម្មករ-កម្មការនីទាំងអស់ គឺជាកម្លាំងចលករដ៏មានសារៈសំខាន់របស់ជាតិ ប្រសិនបើមិនបានយល់ដឹងពីតម្លៃនៃសន្តិភាព និងការអភិវឌ្ឍទេនោះ អាចបង្កចលាចលក្នុងសង្គម រោងចក្រ សហគ្រាសត្រូវបិទទ្វារ ជីវភាពប្រជាពលរដ្ឋជួបការខ្វះខាត ដូចនេះចាំបាច់ណាស់ ត្រូវចូលរួមការពារសន្តិភាព ដែលជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា នៅក្នុងសង្គមជាតិទាំងមូល ។ បងប្អូនកម្មករ កម្មការិនី គឺជាធនធានមនុស្សដ៏សំខាន់ សម្រាប់បន្តវេន ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ក្រុមការងារតំណាងលោករដ្ឋមន្រ្តី លឹម គានហោ ក៏បានអំពាវនាវសូមឱ្យបងប្អូនកម្មករ-កម្មការិនីទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា។
សម្រាប់បងប្អូនកម្មករ-កម្មការិនី ក្នុងឃុំទាំង ៦ ចំនួន ៧,៧៤៦នាក់ លោករដ្ឋមន្រ្តី ឧបត្ថម្ភក្នុងម្នាក់ៗអាវយឺតដៃវែងចំនួន០១ និងថវិកាចំនួន ២ម៉ឺនរៀល។ ក្រុមការងារតំណាងលោករដ្ឋមន្រ្តី លឹម គានហោម នឹងបន្តចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី ចំនួន ៣,២៥៥នាក់ នៅក្នុងឃុំចំនួន ០៥ទៀត របស់ស្រុកពញាឮ នាពេលឆាប់ៗខាងមុខនេះ ៕