ព័ត៌មានជាតិ

ព្រះមហាក្សត្រ ស្តេចយាងបំពេញ ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅឥណ្ឌា ៣ថ្ងៃ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បាននិងកំពុងស្ដេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋឥណ្ឌា រយៈពេល ៣ថ្ងៃ ។

យោងតាមក្រសួងការបរទេស បានឲ្យដឹងថា ព្រះរាជដំណើរបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនៅប្រទេសឥណ្ឌានាពេលនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ២៩-៣១ឧសភា តបតាមការយាងរបស់លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា។ ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរ នៅឥណ្ឌានាពេលនេះ ចំពេលដែលប្រទេសទាំងពីរកំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។

ក្នុងកំលុងពេលនៃព្រះរាជទស្សនកិច្ចនេះ លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា និងលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា នឹងទទួលរៀបចំព្រះរាជពិធីសវនាការថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលក្នុងឱកាសនោះ កិច្ចសហប្រតិ បត្តិការ ទ្វេភាគី និងពហុភាគី នឹងត្រូវលើកយកមកពិភាក្សា។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏សព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាត ជូនលោក ច៉ាកឌីប ដាន់ខា (Jagdeep Dhankhar) អនុប្រធានាធិបតី និងលោកបណ្ឌិត ស៊ូប្រាម៉ាន់យ៉ាំ ចៃហ្សានកា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា ចូលក្រាបបង្គំគាល់ និងសវនាការផងដែរ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅមណ្ឌល Mahatma Gandhi។ លោកស្រី ដ្រៅផាឌី មួរមូ នឹងរៀបចំព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ថ្វាយព្រះករុណា។

ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅឥណ្ឌា គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយក្នុងទំនាក់ទំនង ដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងរួមចំណែកធ្វើឲ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដ៏ប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងបេតិកភណ្ឌវប្បធម៌សាសនា និងប្រវត្តិសាស្ត្ររួម ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ៕

To Top