ព័ត៌មានអន្តរជាតិ

បណ្ដាប្រទេសឥណ្ឌូប៉ាស៊ីហ្វិក ប្តេជ្ញាពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់ធាតុសំខាន់ៗ ដើម្បីកាត់បន្ថយការពឹងផ្អែក និងឥទ្ធិពលរបស់ចិន

បរទេស៖ រដ្ឋមន្ត្រីមកពីសហរដ្ឋអាមេរិក ជប៉ុន និងប្រទេសឥណ្ឌូប៉ាស៊ីហ្វិកចំនួន ១២ ផ្សេងទៀតបានព្រមព្រៀងគ្នា ដើម្បីពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់វត្ថុសំខាន់ៗដូចជា semiconductors និងឱសថ ដើម្បីឆ្លើយតបកាន់តែឆាប់រហ័ស ចំពោះភាពអាសន្ន។

កិច្ចព្រមព្រៀង ស្តីពីទំនិញ និងបច្ចេកវិទ្យាសំខាន់ៗ ត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំ នៃក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅទីក្រុង Detroit ហើយជាគំនិតផ្តួចផ្តើម ដែលទទួលបានលទ្ធផលជាក់ស្តែងចាប់តាំង ពីការចាប់ផ្តើមនៅក្នុងខែឧសភាឆ្នាំមុន។ គេសង្ឃឹមថា ការផ្លាស់ប្តូរនេះនឹងកាត់បន្ថយការពឹងផ្អែកខ្លាំង លើប្រទេសចិន ដែលបាននិងកំពុងបង្កើនឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួន នៅក្នុងតំបន់។

បន្ទាប់ពីការបញ្ចប់នៃការចរចា រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន លោក Yasutoshi Nishimura បានប្រាប់អ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងពហុភាគី គឺជា “ប្រភេទដំបូងនៃខ្សែសង្វាក់ផ្គត់ផ្គង់” ។

យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ នៅពេលក្រោយ រដ្ឋដៃគូ IPEF គ្រោងនឹងបង្កើតប្រព័ន្ធមួយ សម្រាប់កំណត់អត្តសញ្ញាណហានិភ័យ នៃខ្សែសង្វាក់ផ្គត់ផ្គង់សំខាន់ៗ ដោយដៃគូនីមួយៗត្រួតពិនិត្យ និងសម្គាល់ផ្នែកសំខាន់ៗរបស់ពួកគេ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ពួកគេក៏មានគោលបំណងធានា ឱ្យបានទាន់ពេលវេលា នូវការដឹកជញ្ជូនទំនិញសំខាន់ៗ ក្នុងអំឡុងពេលមានវិបត្តិ ដោយការកែលម្អនីតិវិធីសម្របសម្រួល និងការឆ្លើយតបរវាងដៃគូ IPEF ។

ខណៈពេលដែលសេចក្តីថ្លែងការណ៍ មិនបានលើកឡើងជាពិសេសថា ទំនិញណាមួយ ត្រូវបានចាត់ទុកថា ជាទំនិញចាំបាច់នោះ មន្ត្រីជប៉ុនបានឲ្យដឹងថា គោលបំណងគឺសំដៅទៅលើ សារធាតុរ៉ែសំខាន់ៗ សារធាតុ semiconductors បច្ចេកវិទ្យាថាមពលថ្មី និងធនធាន ឬឧបករណ៍ផ្សេងទៀត ដែលអាចប៉ះពាល់ដល់សង្គមយ៉ាងខ្លាំង ប្រសិនបើការផ្គត់ផ្គង់ត្រូវបានបញ្ឈប់។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា ក្នុងចំណោមរបស់ផ្សេងទៀត កិច្ចព្រមព្រៀងស្វែងរក “ការបង្កើនភាពធន់ ប្រសិទ្ធភាព ផលិតភាព និរន្តរភាព តម្លាភាព ភាពចម្រុះ” និង “សុវត្ថិភាព” នៃខ្សែសង្វាក់ផ្គត់ផ្គង់ តាមរយៈសកម្មភាពសហការ ក៏ដូចជាសកម្មភាពបុគ្គលនៃប្រទេសដៃគូ IPEF៕ ​ប្រែសម្រួល ឈូក បូរ៉ា

To Top