វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បានអំពាវនាវឱ្យភាគីជម្លោះក្នុងប្រទេសស៊ូដង់ បន្តបទឈប់បាញ់ដ៏ផុយស្រួយមួយ ខណៈដែលការប្រយុទ្ធគ្នាជាច្រើនសប្តាហ៍ ឈានដល់ការជាប់គាំង នៅក្នុងរដ្ឋធានី និងកន្លែងផ្សេងទៀតនៅក្នុងប្រទេសអាហ្វ្រិកមួយនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអាទិត្យ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងរីយ៉ាដ បានអំពាវនាវឱ្យមានការពន្យារពេលបទឈប់បាញ់បច្ចុប្បន្ន ដែលគ្រោងនឹងផុតកំណត់ នៅម៉ោង ៩ និង ៤៥នាទីយប់នៅថ្ងៃចន្ទនេះ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ខណៈពេលដែលមានភាពមិនល្អឥតខ្ចោះ ការពង្រីកមួយក៏នឹងជួយសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌ ដែលត្រូវការជាបន្ទាន់ដល់ប្រជាជនស៊ូដង់”។
វាក៏បានជំរុញឱ្យរដ្ឋាភិបាលយោធារបស់ប្រទេសស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សរហួន (RSF) ដែលជាគូប្រជែងដើម្បីបន្តការចរចា ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីការបន្តបទឈប់បាញ់។
ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅពាក់កណ្តាលខែមេសា។ ប្រមុខយោធាទាំងពីរ ឧត្តមសេនីយ៍ Abdel Fattah al-Burhan និងមេដឹកនាំ RSF ឧត្តមសេនីយ៍ Mohamed Hamdan Dagalo បានដឹកនាំរដ្ឋប្រហារឆ្នាំ២០២១ ដែលបានដករដ្ឋាភិបាល ដែលគាំទ្រដោយលោកខាងលិចរបស់នាយករដ្ឋមន្ត្រី Abdalla Hamdok ។
គួរបញ្ជាក់ថា ជម្លោះនេះបានសម្លាប់មនុស្សរាប់រយនាក់ របួសរាប់ពាន់នាក់ និងបានរុញច្រានប្រទេសឱ្យជិតដួលរលំ។ វាបានបង្ខំមនុស្សជិត ១,៤ លាននាក់ចេញពីផ្ទះរបស់ពួកគេទៅកាន់តំបន់មានសុវត្ថិភាពក្នុងប្រទេសស៊ូដង់ ឬទៅកាន់ប្រទេសជិតខាង នេះបើយោងតាមទីភ្នាក់ងារចំណាកស្រុករបស់អង្គការសហប្រជាជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា