ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ការវាយប្រហារដោយយន្តហោះដ្រូន ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅទីនេះ គឺជា “សញ្ញាច្បាស់លាស់នៃសកម្មភាពភេរវកដ្រូន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយវិមានក្រឹមឡាំង លោក ពូទីន បានលើកឡើងថា ក្រុងគៀវ បានជ្រើសរើសផ្លូវផ្សេង ពោលគឺព្យាយាមបំភិតបំភ័យរុស្ស៊ី និងពលរដ្ឋរបស់ខ្លួន និងវាយប្រហារអគារលំនៅដ្ឋានក្នុងស្រុក។
លោកបានថ្លែងថា “ពួកគេញុះញង់ឲ្យយើងឆ្លុះបញ្ចាំងសកម្មភាព។ តោះមើលថាតើត្រូវធ្វើដូចម្តេចចំពោះរឿងនេះ” ប៉ុន្ដែភាគីអ៊ុយក្រែនបានបដិសេធ ការជាប់ពាក់ព័ន្ធផ្ទាល់ក្នុងការវាយប្រហារលើក្រុងម៉ូស្គូ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានឲ្យដឹងនៅមុននេះបន្តិចថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី កំពុងមានប្រតិកម្ម “យ៉ាងខ្លាំងក្លាតាមដែលអាចធ្វើទៅបាន ចំពោះការវាយប្រហារភេរវកម្ម របស់ពួកសកម្មប្រយុទ្ធអ៊ុយក្រែន”។
អភិបាលក្រុងមូស្គូលោក Sergei Sobyanin បានលើកឡើងថា អគារជាច្រើននៅទីក្រុងមូស្គូ បានរងការខូចខាតបន្តិចបន្តួច ដោយការវាយប្រហារដោយយន្តហោះដ្រូន នៅពេលព្រឹកព្រលឹម ដោយបន្ថែមថាមិនមាន របាយការណ៍ភ្លាមៗអំពីរបួសធ្ងន់ធ្ងរនោះទេ ៕
ប្រែសម្រួល ឈូក បូរ៉ា