ព័ត៌មានជាតិ

ក្រុមហ៊ុន ៣ទៀត បោះទុនវិនិយោគជាង ២៣លានដុល្លារ បង្កើតរោងចក្រនៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុនចំនួន ៣បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគជាង ២៣លានដុល្លារ បង្កើតរោងចក្រនៅកម្ពុជា ព្រមទាំងអាចបង្កើតឱកាសការងារជិត ២ពាន់កន្លែង ។

យោងតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “LE HOO (CAMBODIA) FURNITURE COMPANY LIMITED.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ១៣,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៩២ កន្លែង។

២- “XINKAIDA LIGHTING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង ឧបករណ៍អគ្គិសនី អំពូលលម្អ គ្រឿងឧបករណ៍អគ្គិសនី និងគ្រឿងបង្គុំអំពូលលម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២៤១កន្លែង។

៣- “GUANGBO (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈការិយាល័យ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ១៥០ កន្លែង៕

To Top