SEA GAME

កងកម្លាំងការពារ ក្នុងព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេម មានចំនួនច្រើន ដូចពេលព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង នគរបាលជាតិ បានឱ្យដឹងថា កងកម្លាំងនគរបាលជាតិ ការពារសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងព្រឹត្តិការណ៍កីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ មានចំនួនច្រើន ដូចពេលព្រឹត្តិការណ៍ កីឡាស៊ីហ្គេមទើបបញ្ចប់នាពេលថ្មីៗនេះ។

សូមបញ្ជាក់ថា​ កម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះថា «កងកម្លាំងនគរបាល ត្រូវប្រើប្រាស់ច្រើនណាស់ ក៏ប៉ុន្ដែមិនតិចជាងស៊ីហ្គេមនោះទេ គ្រាន់ថា តម្រាយផ្លូវ និងគោលនៅអាទិភាព កន្លែងស្នាក់នៅ កន្លែងប្រកួត និងកន្លែងពិធីបិទ-បើក គឺយើងប្រើកម្លាំងប្រយ័ត្នប្រយែង និងម៉ត់ចត់ជាងមុនទៅទៀត ព្រោះឆ្លងកាត់បទពិសោធន៍ ពីស៊ីហ្គេមមក គឺមានបទពិសោធន៍ល្អៗជាច្រើន»។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា មានកីឡា ១៣ប្រភេទ និងកីឡាបង្ហាញ ១ប្រភេទ (មិនគិតមេដាយក្នុងតារាងមេដាយ) ត្រូវបានដាក់ឱ្យប្រកួតរួមមានកីឡាអត្តពលកម្មជនពិការ, ហែលទឹកជនពិការ, បាល់បោះរទេះ, បាល់ទះអង្គុយ, វាយកូនឃ្លីលើតុជនពិការ, វាយសីជនពិការ, បាល់ទាត់ជនពិការភ្នែក, បាល់ទាត់ចលករខួរក្បាល, បាល់បោះជនពិការ, លើកទម្ងន់ជនពិការ, យូដូជនពិការ, បូស្យា និងកីឡាអុក ។ រីឯកីឡាបង្ហាញ គឺកីឡាអេឡិចត្រូនិកច(E-Sports)។ សរុបវិញ្ញាសាប្រកួតទាំងអស់ គឺមាន ៤២៩វិញ្ញាសា៕

To Top