ព័ត៌មានអន្តរជាតិ

មន្ទីរប៉ង់តាហ្គោន នឹងរ៉ាប់រងថ្លៃសេវា Starlink សម្រាប់ប្រទេសអ៊ុយក្រែន

បរទេស ៖ ក្រសួងការពារជាតិ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសថា ខ្លួនបានផ្តល់កុងត្រាមួយរួច ទៅហើយទៅឲ្យក្រុមហ៊ុន SpaceX សម្រាប់សេវាកម្មផ្កាយរណប របស់ Starlink ដែលនឹងត្រូវប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ដើមឡើយជាគំនិតផ្តួចផ្តើម របស់លោក Elon Musk ដែលលោកបានសម្រេចចិត្តចេញលុយខ្លួនឯង ក្នុងការផ្តល់សេវាកម្ម អ៊ិនធឺណេត និងសេវាកម្មផ្កាយរណប ជូនប្រទេសអ៊ុយយក្រែន ប៉ុន្តែក្រោយមកវាត្រូវបានប្រគល់ ទៅឲ្យភ្នាក់ងារមួយ របស់រដ្ឋាភិបាលអាមេរិក ក្នុងការគ្រប់គ្រងទៅវិញ។

មន្ទីរប៉ង់តាហ្គោន បានថ្លែងថា ផ្កាយរណប សម្រាប់វិស័យទំនាក់ទំនងបានដើរ តួយ៉ាងសំខាន់ក្នុងការគ្រប់គ្រង និងផ្តល់ការទាក់ទងគ្នា នៃពលរដ្ឋនិងកងកម្លាំងយោធា នៃប្រទេសអ៊ុយក្រែនហើយខ្លួនកំពុងធ្វើការងារ ជាមួយនឹងរដ្ឋាភិបាលទីក្រុងគៀវ ដើម្បីអាចផ្តល់នូវភាពរឹងម៉ាំនិងធន់ ចំពោះបណ្តាញទំនាក់ទំនងតាមតំរូវការ។

គួរឲ្យដឹងដែរថាStarlink មានផ្កាយរណបទំនាក់ទំនង ជាង ៤០០០គ្រឿង ដែលស្ថិតនៅលើក្នុងគន្លងផែនដីទាប ។ លោក Musk បានផ្តល់វានេះដល់រដ្ឋាភិបាល ក្នុងទីក្រុងគៀវតាំង តែពីកាលពីខែកុម្ភៈ នៅពេលដែលជម្លោះជាមួយរុស្ស៊ី ចាប់ផ្តើមផ្ទុះឡើង ហើយបានផ្តល់មូលនិធិ ដោយផ្ទាល់ និងតាមរយៈការបរិច្ចាគ ឯកជនជាច្រើនខែ ប៉ុន្តែរហូតមកដល់ខែតុលាឆ្នាំ ២០២២គាត់បានបង្ហាញថា កិច្ចខិតខំប្រឹងប្រែងចំណាយអស់២០លានដុល្លារ ក្នុងមួយខែ ហើយមិនអាចទ្រទ្រង់ បានដោយគ្មានកំណត់ទៀតនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top