ព័ត៌មានអន្តរជាតិ

Update: រថភ្លើងបុកគ្នានៅឥណ្ឌា អ្នកស្លាប់កើនដល់ ២៣៣នាក់ ដែលជាករណីស្លាប់ច្រើនបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ

បរទេស៖ ប្រមុខរដ្ឋ Odisha លោក Pradeep Jena បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ANI កាលពីថ្ងៃសៅរ៍ថា ចំនួនមនុស្សស្លាប់នៅក្នុងឧបទ្ទវហេតុរថភ្លើងពីរគ្រឿងបុកគ្នា នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ ២៣៣នាក់ហើយ។

លោក​បាន​បន្ថែម​ថា យ៉ាង​ហោច​ណាស់ ៩០០​នាក់​បាន​រង​របួស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា សោកនាដកម្ម​នេះ​បាន​កើត​ឡើង​ នៅ​ស្ថានីយ​មួយ​ក្នុង​ទីក្រុង Balasore កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ។

យោងតាមអ្នកនាំពាក្យផ្លូវដែកឥណ្ឌា Amitabh Sharma គឺរថភ្លើងដឹកអ្នកដំណើរបានបុកជាមួយរថភ្លើង ដឹកទំនិញមួយគ្រឿងទៀត ។

រដ្ឋមន្ត្រីផ្លូវដែក Ashwini Vaishnaw បាននិយាយថា ក្រុមជួយសង្គ្រោះមកពីរដ្ឋផ្សេងទៀតរបស់ប្រទេសឥណ្ឌា ត្រូវបានដាក់ពង្រាយទៅកាន់រដ្ឋ Odisha ដើម្បីជួយអ្នកឆ្លើយតបដំបូងក្នុងតំបន់។

ក្រុមមន្ត្រីបាននិយាយថា រថយន្តសង្គ្រោះជាង ១១០គ្រឿង ត្រូវបានបញ្ជូនដើម្បីជម្លៀសអ្នកនៅរស់រានមានជីវិត។

អាជ្ញាធររដ្ឋ Odisha បានប្រកាសជាថ្ងៃកាន់ទុក្ខនៅថ្ងៃអាទិត្យ។

ឧបទ្ទវហេតុនេះគឺជាគ្រោះមហន្តរាយផ្លូវដែកដែលមានមនុស្សស្លាប់បំផុតនៅក្នុងប្រទេសឥណ្ឌាក្នុងរយៈពេលជាច្រើនទសវត្សរ៍។

ក្នុងឆ្នាំ ១៩៩៩ រថភ្លើងពីរបានបុកគ្នានៅ West Bengal ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៨៥ នាក់បានស្លាប់៕ ប្រែសម្រួលៈ ណៃ តុលា

To Top