បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសចិន លោក Li Shangfu បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងប៉េកាំង នឹងមិនបោះបង់សិទ្ធិ ប្រើប្រាស់កម្លាំង ក្នុងការបង្រួបបង្រួមជា មួយកោះតៃវ៉ាន់ឡើយ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីសារព័ត៌មាន South China Morning Post ។ ទន្ទឹមនឹងនេះ ក្រសួងការពារជាតិចិន បានសម្តែងក្តីសង្ឃឹម សម្រាប់ការផ្សះផ្សាដោយសន្តិវិធី ហើយក្នុងពេលនោះ ចិនក៏បានព្រមានប្រឆាំង នឹងការជ្រៀតជ្រែករបស់បរទេស នៅលើកោះនេះផងដែរ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងអំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការពារជាតិ លោក Tan Kefei បានពណ៌នាអំពីជំនួបរវាងលោក Li Shangfu ជាមួយសមភាគីសិង្ហបុរី លោក Ng Eng Hen នៅមុនថ្ងៃនោះ ដោយលោកបាននិយាយថា គឺមានការពិភាក្សាអំពីកោះតៃវ៉ាន់ ដែលក្រុងប៉េកាំងចាត់ទុកជាផ្នែក នៃដែនអធិប តេយ្យរបស់ខ្លួន។
អ្នកនាំពាក្យរូបនេះ បាននិយាយសំដៅទៅលើគណបក្ស កាន់អំណាចរបស់កោះតៃវ៉ាន់ថា យើងនឹងមិនអត់ឱន ចំពោះការប៉ុនប៉ងណាមួយ របស់អាជ្ញាធរគណបក្ស វឌ្ឍនភាពប្រជាធិបតេយ្យ ដើម្បីស្វែងរកការគាំទ្រ ពីបរទេសសម្រាប់ឯករាជ្យភាព របស់តៃវ៉ាន់នោះទេ ហើយយើងនឹងមិនអត់ឱនចំពោះការប៉ុនប៉ងណាមួយរបស់កងកម្លាំងខាងក្រៅ ដើម្បីប្រើប្រាស់កោះតៃវ៉ាន់ ដើម្បីទប់ស្កាត់ប្រទេសចិននោះដែរ។ យើងនឹងមិនសន្យាថា នឹងបោះបង់ការប្រើកម្លាំងនោះទេ»។
លោកបានបន្ថែមថាទីក្រុងប៉េកាំងនឹង “បន្តខិតខំសម្រាប់ការបង្រួបបង្រួមដោយសន្តិវិធីជាមួយនឹងភាពស្មោះត្រង់ និងកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យបំផុត”។
សូមជម្រាបថា សហរដ្ឋអាមេរិក បានបង្ហាញនៅដើមសប្តាហ៍នេះថា លោក Li Shangfu រដ្ឋមន្រ្តីការពារជាតិចិន ដែលស្ថិតក្នុងបញ្ជីដាក់ទណ្ឌកម្ម របស់ទីក្រុងវ៉ាស៊ីនតោន បានបដិសេធការជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin នៅខាងក្រៅវេទិកាសន្តិសុខ Shangri-La Dialogue ប្រចាំឆ្នាំនៅប្រទេសសិង្ហបុរី ។ ក្រសួងការបរទេសចិនបានពន្យល់ថា សហរដ្ឋអាមេរិកត្រូវតែ “កែតម្រូវ” គោលនយោបាយរបស់ខ្លួនចំពោះប្រទេសចិន និងបញ្ឈប់ការជ្រៀតជ្រែក ក្នុងកិច្ចការរបស់ខ្លួន៕