ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីប៉ូឡូញ ប្រកាសមិន ផ្តល់យន្តហោះចម្បាំង F-16 ឱ្យអ៊ុយក្រែន

បរទេស៖ ទីក្រុង Warsaw មិនមានយន្តហោះចម្បាំង F-16 ឬប្រព័ន្ធការពារដែនអាកាស Patriot គ្រប់គ្រាន់ ដើម្បីបញ្ជូនទៅកាន់អ៊ុយក្រែននោះទេ ប៉ុន្តែប្រទេសផ្សេងទៀត គួរតែធ្វើដូច្នេះភ្លាមៗ នេះបើតាមនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងដោយយោងតាមវិទ្យុ Polskie ថា លោក Morawiecki បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯវិមាន Castle Mimi ក្នុងប្រទេសម៉ុលដាវី នៅថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុបថា “យើងមានយន្តហោះ F-16 តិចតួចពេក ដូច្នេះនៅពេលនេះ ថ្ងៃនេះ មិនមានការរំពឹងទុកបែបនេះពីយើងទេ” ។

កងទ័ពអាកាសប៉ូឡូញ ជាផ្លូវការមានយន្តហោះចម្បាំង F-16 ចំនួន ៤៨ គ្រឿង ដែលក្នុងនោះ ១២ គ្រឿងជាប្រភេទហ្វឹកហ្វឺន ។ ប៉ូឡូញបានបញ្ជាទិញ យន្តហោះប្រភេទ Golden Eagle ចំនួន ៤៨ គ្រឿងពីប្រទេសកូរ៉េខាងត្បូង និងយន្តហោះ F-35 ចំនួន ៣២ គ្រឿងពីសហរដ្ឋអាមេរិក ប៉ុន្តែយន្តហោះទាំងនោះ មិនទាន់ត្រូវបានដឹកបញ្ជូនមកនៅឡើយទេ។

នាយករដ្ឋមន្រ្តីប៉ូឡូញបានបន្ថែមថា “យើងបានប្រគល់យន្តហោះ MiGs របស់យើង – យន្តហោះល្អៗ យន្តហោះចម្បាំងដ៏ល្អ ហើយនេះគឺជាការកោតសរសើរយ៉ាងខ្លាំង” ។ ប្រទេសប៉ូឡូញបានដើរតាមប្រទេសស្លូវ៉ាគី ក្នុងការបញ្ជូនអ៊ុយក្រែនខ្លះក្នុងចំណោមយន្តហោះចម្បាំង MiG-29 សម័យសូវៀតចំនួន ១៩ គ្រឿង ដើម្បីកាត់បន្ថយការខាតបង់របស់ទីក្រុងគៀវ ក្នុងរយៈពេលមួយឆ្នាំកន្លងមក។

លោក Mateusz Morawiecki ក៏បានកត់សម្គាល់ផងដែរថា ប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelensky បានថ្លែងអំណរគុណ ចំពោះលោកសម្រាប់ការរៀបចំ “ក្រុមចម្រុះ” F-16 ដោយសំដៅលើការជំរុញ ដោយសមាជិកណាតូមួយចំនួន ដើម្បីផ្គត់ផ្គង់ឱ្យអ៊ុយក្រែន ជាមួយយន្តហោះចម្បាំង ដែលរចនាដោយសហរដ្ឋអាមេរិក។ ខណៈពេលដែលប្រទេស ជាច្រើន រួមទាំងប៉ូឡូញផងដែរ បានផ្តល់ការបណ្តុះបណ្តាល អ្នកបើកយន្តហោះអ៊ុយក្រែន តែវានៅតែមិនច្បាស់ថា តើយន្តហោះទាំងនោះពិតជាមកពីណានោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top