បរទេស ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ថា រឿងរ៉ាវរបស់ទូកដែលបានលិចនៅលើផ្ទៃបឹង Maggiore កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះ បង្កប់នូវធាតុផ្សំជាច្រើននៃប្រលោមលោកចារកម្ម ។
មានមនុស្សចំនួន៤នាក់បានលង់ទឹកស្លាប់ នៅលើផ្ទៃបឹងដ៏ស្រស់ស្អាត និងពេញនិយមបំផុត នៅភាគខាងត្បូងនៃភ្នំ Alps របស់ប្រទេសស្វីស ។
ម្នាក់ គឺជាអតីតភ្នាក់ងារមកពីទីភ្នាក់ងារចារកម្មអ៊ីស្រាអ៊ែល Mossad ហើយ២នាក់ជាមន្ត្រីចារកម្មអ៊ីតាលី និងជនរងគ្រោះទី៤គឺជាស្ត្រីជនជាតិរុស្ស៊ី ។
ពួកគេស្ថិតក្នុងចំណោមមនុស្ស២៣នាក់ ដែលជិះទូកតូចមួយដែលចេញទៅលេងបឹងនោះ ។
វាហាក់បីដូចជាគ្មានការសង្ស័យអ្វីទេនោះទេដែលថា ជាព្រឹត្តិការណ៍ដ៏តក់ស្លុតសម្រាប់អ្នកនៅរស់រានមានជីវិត និងសម្រាប់គ្រួសារដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន ប៉ុន្តែការពិតមួយចំនួនអំពីករណីនេះបានជំរុញឱ្យមានការ សន្និដ្ឋានអំពីអ្វីដែលបានកើតឡើងយ៉ាងពិតប្រាកដ ។
គួរបញ្ជាក់ថា បឹង Maggiore និងច្រាំងសមុទ្រ ត្រូវបានបែងចែករវាងតំបន់អ៊ីតាលី Lombardy និង Piedmont និងតំបន់ Ticino របស់ប្រទេសស្វីស ។
ក្រុមហ៊ុនជាច្រើនដែលផលិតបច្ចេកវិទ្យា ដែលមានសមត្ថភាពប្រើប្រាស់ទាំងផ្នែកយោធា និងស៊ីវិល មានទីតាំងនៅ Lombardy ហើយប្រទេសស្វីស ត្រូវបានគេចាត់ទុកថា ជាប្រទេសឆ្លងកាត់សម្រាប់សមាជិកចារកម្មជាច្រើន ។
ហើយអ្នកខ្លះជិះទូកទាំង២សញ្ជាតិ មានផ្ទះល្វែង និងផ្ទះនៅទីនោះផងដែរ ។
ទន្ទឹមនឹងនេះដែរ មានរបាយការណ៍មួយចំនួនបានឲ្យដឹងថា ការជិះទូក គឺជាដំណើរកម្សាន្តមួយប៉ុណ្ណោះ តែសារព័ត៌មានធំៗនៅអ៊ីតាលី កំពុងរាយការណ៍មកថា វាគឺជាកិច្ចប្រជុំការងារសម្ងាត់រវាងភ្នាក់ងារអ៊ីតាលី និងអ៊ីស្រាអ៊ែល ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា