បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា ជម្លោះប្រដាប់អាវុធលើកោះតៃវ៉ាន់ នឹងមានមហន្តរាយ ដោយជំរុញឱ្យប្រទេសចិន រក្សាស្ថានភាពដដែលចំពោះកោះនេះ ខណៈដែលលោកក៏បានប្តេជ្ញាជំរុញវត្តមានយោធារបស់អាមេរិក នៅក្នុងតំបន់ផងដែរ។
យោងតាមសារព័ត៌មាន RT ថ្លែងនៅក្នុងសន្និសិទការពារជាតិ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃសៅរ៍ លោក Austin បានបញ្ជាក់អំពី “ចក្ខុវិស័យរបស់ទីក្រុងវ៉ាស៊ីនតោនអំពីសេរីភាព និងការបើកចំហរនៅឥណ្ឌូប៉ាស៊ីហ្វិក”។ លោកបានអះអាងថា លោកប្រធានាធិបតី Joe Biden ចង់ជៀសវាងជម្លោះជាមួយទីក្រុងប៉េកាំង ប៉ុន្តែបាននិយាយថា លោកនឹង “ប្រឆាំងយ៉ាងដាច់ខាត” រាល់កិច្ចខិតខំប្រឹងប្រែងដើម្បី ផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន។
លោក Austin បាននិយាយដោយបន្ថែមថា “កុំធ្វើខុស, ជម្លោះនៅច្រកសមុទ្រតៃវ៉ាន់នឹង មានការបំផ្លិចបំផ្លាញ។ ដូច្នេះយើងប្ដេជ្ញារក្សាសន្តិភាព និងស្ថិរភាព សហរដ្ឋអាមេរិកមិនស្វែងរកសង្គ្រាមត្រជាក់ថ្មីនោះទេ»។
ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលលោកបានទទូចថា អាស៊ីមិនត្រូវ “បំបែកទៅជាប្លុកអរិភាព” នោះ, រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះបានបន្តរៀបរាប់ អំពីផែនការក្នុងការបង្កើនប្រតិបត្តិការយោធារបស់អាមេរិកនៅក្នុងតំបន់យ៉ាងខ្លាំង ដោយអំនួតថា ថវិកាឆ្នាំ ២០២៤ របស់លោក Biden គឺជា “សំណើដ៏ធំបំផុត” ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក រួមទាំងការកើនឡើង ៤០ភាគរយ នៅក្នុង “គំនិតផ្តួចផ្តើមការទប់ស្កាត់ប៉ាស៊ីហ្វិក” ដែលផ្តោតលើប្រទេសចិនរបស់មន្ទីរបញ្ចកោណ៕
ប្រែសម្រួលៈ ណៃ តុលា