ភ្នំពេញ៖ គណៈប្រតិភូទីក្រុងហុងហឺ នៃខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចង់ផ្លាស់ប្តូរសេដ្ឋកិច្ចទីក្រុងទាំង២ (ទីក្រុងហុងហឺ-ទីក្រុងភ្នំពេញ) ឲ្យកាន់តែរីកចំរើនមួយកម្រិតថែមទៀត តាមរយៈការបង្កើនវិស័យទេសចរណ៍កាន់តែច្រើន ។
ការបង្ហាញជំហរបែបនេះ បានធ្វើឡើង នារសៀលថ្ងៃទី៥ មិថុនានេះ ខណៈគណៈប្រតិភូទីក្រុងហុងហឺ ដឹកនាំដោយលោកស្រី លូ ភីង អភិបាលនៃរដ្ឋាភិបាលប្រជាជនទីក្រុងហុងហឺ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ជួបពិភាក្សាការងារ ជាមួយលោក ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
ក្នុងជំនួបនេះ លោកស្រី លូ ភីង បានលើកឡើងថា គោលបំណងដែលលោកស្រី ជួបពិភាក្សាការងារជាមួយលោក ឃួង ស្រេង គឺចង់ផ្លាស់ប្តូរសេដ្ឋកិច្ច នៃទីក្រុងទាំង២ ឲ្យកាន់តែប្រសើរឡើង។ ទីក្រុងហុងហឺ និងនៅកម្ពុជាមានផលិតផល ក្នុងស្រុកប្រហាក់ប្រហែលគ្នា ដែលទៀមទាឲ្យមានកិច្ចសហការ កាន់តែល្អថែមទៀត ពិសេសទៅវិស័យកសិកម្ម និងទេសចរណ៍ ។
លោកស្រីបញ្ជាក់ថា កសិផលដែលប្រទេសកម្ពុជាមាន និងត្រូវប៉ាន់នៅប្រទេសចិននោះគឺ ធុរ៉េន មៀន និងចេក ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកស្រីក៏ចង់នាំកសិផល នៅប្រទេសចិន ដែលមានបន្លែផ្លែឈើ ចូលមកកម្ពុជាផងដែរ ។
បន្ថែមពីនេះដោយមើលឃើញថា នៅកម្ពុជាមានតំបន់ទេសចរណ៍ច្រើន លោកស្រីនិងជួយផ្សព្វផ្សាយ ដើម្បីឲ្យពលរដ្ឋចិន ពិសេសពលរដ្ឋនៅទីក្រុងហុងហឺ មកលេងនៅប្រទេសកម្ពុជា ឲ្យកាន់តែច្រើនឡើង។ ជាមួយគ្នានោះ លោកស្រី លូ ភីង ក៏បានអញ្ជើញ ប្រតិភូរាជធានីភ្នំពេញ ទៅទស្សនកិច្ចនៅទីក្រុងហុងហឺផងដែរ បើមានពេលវេលាគ្រប់គ្រាន់ណាមួយ។
ជាមួយគ្នានោះ លោកឃួង ស្រេង បានលើកឡើងពីស្ថានភាពទូទៅ របស់រាជធានីភ្នំពេញ ទាំងកត្តាភូមិសាស្ត្រ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានលើកឡើងពីបញ្ហាប្រឈមមួយចំនួន នៅរាជធានីភ្នំពេញ ពិសេសការរាតត្បាតជំងឺកូវីដ-១៩។ ប៉ុន្តែក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជា អាចទប់ស្កាត់ជំងឺនេះបាន និងបានបើកសេដ្ឋកិច្ចប្រទេស ដំណើរការជាប្រក្រតីឡើងវិញថែមទៀត។
លោកឃួង ស្រេង បានបន្តទៀតថា លោកចង់ឲ្យប្រជាពលរដ្ឋនៅទីក្រុងហុង ហឺនៃខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន មកទេសចរណ៍នៅកម្ពុជា ឲ្យបានច្រើន ដោយកម្ពុជាមានតំបន់ទេសចរណ៍ច្រើន មានប្រាសាទបុរាណ នៅតាមខេត្ត ពិសេសនៅខេត្តសៀមរាប ហើយនៅរាជធានីភ្នំពេញ ក៏ជាតំបន់ដែលមានសក្តានុពល ខាងផ្នែកទេសចរណ៍ផងដែរ ព្រោះជាទីក្រុងដែលមានវ័យចំណាស់ និងជាទីក្រុងដែលស្ថិតនៅចំមុខទន្លេមុខបួនថែមទៀត។
ចំពោះការលើកឡើងរបស់លោកស្រី ពាក់ព័ន្ធនឹងការបង្កើនសេដ្ឋកិច្ច នៃទីក្រុងនៃប្រទេសទាំងពីរ លោក ឃួង ស្រេង នឹងជំរុញឲ្យមន្ទីរពាក់ព័ន្ធ ធ្វើទំនាក់ទំនងជាមួយនឹងក្រុមការងារ ប្រតិភូរបស់ទីក្រុងហុងហ៊ឺ ដើម្បីសហការជំរុញវិស័យខាងលើនេះ ឲ្យដំណើរការឲ្យកាន់តែល្អ៕