ព័ត៌មានអន្តរជាតិ

ចិន ​រឹត​បន្តឹង​សន្តិសុខ ​នៅខួបលើកទី​៣៤ នៃការបង្ក្រាបដោយយោធា លើការតវ៉ានៅទីលានធានអានមេន

ប៉េកាំង៖ ប្រទេសចិន បានរឹតបន្តឹងសន្តិសុខនៅក្នុងតំបន់មួយចំនួននៃប្រទេសកាលពីថ្ងៃអាទិត្យ ដែលជាខួបលើកទី៣៤ នៃការបង្ក្រាបដោយយោធាឆ្នាំ១៩៨៩ លើចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យដឹកនាំដោយនិស្សិតនៅទីលានធានអានមេននៃទីក្រុងប៉េកាំង ដោយមិនមានការប្រមូលផ្តុំគ្នាធ្វើឡើងនៅក្នុងទីក្រុងហុងកុង ខណៈដែលដីគោកនៅតែបន្តការគៀបសង្កត់នៅទីនោះ។

ចេតនាក្នុងការថែរក្សាការគ្រប់គ្រងដោយបក្សតែមួយ ពោលគឺ បក្សកុម្មុយនិស្តចិន បានបង្ហាញពី​ឧប្បត្តិហេតុដ៏សាហាវ ក្នុងឆ្នាំ១៩៨៩ ដោយប្រកាសថា វាចាំបាច់ដើម្បីលុបបំបាត់ភាពចលាចលនយោបាយ។ ការពិភាក្សាបើកចំហអំពីការសម្លាប់រង្គាលនៅតែជាបម្រាមនៅក្នុងប្រទេស ប៉ុន្តែការប្រមូលផ្តុំគ្នាត្រូវបានធ្វើឡើងនៅក្នុងប្រទេសជប៉ុន និងតៃវ៉ាន់ ដោយមានយុវជន ដែលកើតក្រោយឧបទ្ទវហេតុក៏ចូលរួមផងដែរ។

វត្តមានសន្តិសុខដ៏ធំមួយត្រូវបានគេសង្កេតឃើញនៅជិតទីលាន និងកន្លែងផ្សេងទៀតក្នុងរដ្ឋធានីកាលពីថ្ងៃអាទិត្យ ដោយអាជ្ញាធរមានគោលបំណងទប់ស្កាត់បាតុកម្ម ដែលអាចកើតមានណាមួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

នៅថ្ងៃរំលឹកខួបនេះ កងកម្លាំងសន្តិសុខបានរក្សាការឃ្លាំមើលនៅស្ពាន Sitong ទីក្រុងប៉េកាំង ជាកន្លែងដែលបដាត្រូវបានលើកកាលពីខែតុលា ឆ្នាំមុន ជាមួយនឹងពាក្យស្លោកដូចជា “យើងមិនចង់បានការចាក់សោរ យើងចង់បានសេរីភាព” ក្នុងការតវ៉ា ចំពោះភាពតឹងរ៉ឹងរបស់ប្រទេសនេះ និងគោលនយោបាយកូវីដសូន្យ” ។

ផ្លាកសញ្ញាផ្លូវដែលបង្ហាញឈ្មោះស្ពានត្រូវបានដកចេញ ហើយការស្វែងរកកន្លែងតវ៉ានៅលើផែនទី ដែលផ្តល់ដោយក្រុមហ៊ុនអ៊ីនធឺណិតយក្សរបស់ចិន Baidu Inc. មិនបានទទួលលទ្ធផលអ្វីនោះទេ។

បាតុកម្មដ៏កម្រនៅខែតុលានេះ ត្រូវបានធ្វើឡើងមិនយូរប៉ុន្មានមុនពេលសមាជរយៈពេលពីរទសវត្សរ៍របស់បក្សកុម្មុយនិស្តចិន ដែលមេដឹកនាំលោក ស៊ី ជីនពីង ទទួលបានអាណត្តិ ៥ឆ្នាំលើកទី៣ ដែលមិនធ្លាប់មានពីមុនមកជាអគ្គលេខាធិការ។

រូបភាពដែលបានចែករំលែកនៅលើ Twitter បង្ហាញពីស្ត្រីម្នាក់ ដែលត្រូវបានគេរាយការណ៍ថា ត្រូវបានគេចាប់ខ្លួននៅក្នុងទីក្រុងប៉េកាំង បន្ទាប់ពីគប់សន្លឹកក្រដាស ដែលមានអត្ថបទចេញពីសេចក្តីប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក។

នៅលើបណ្ដាញ Twitter រូបភាពបានរីករាលដាលកាលពីថ្ងៃសៅរ៍ ដែលបង្ហាញពីស្ត្រីម្នាក់កំពុងគ្រវីទង់ជាតិអាមេរិក ហើយទំនងជាគប់សន្លឹកក្រដាស ដែលមានអត្ថបទពីសេចក្តីប្រកាសឯករាជ្យ របស់សហរដ្ឋអាមេរិក៕ ប្រែសម្រួល ឈូក បូរ៉ា

To Top