គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ មានករណីផ្ទុះបាក់ទំនប់សល់ពីសម័យសូវៀត នៅតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ី ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន បានបង្កឲ្យមានគ្រោះទឹកជន់លិចទូទាំងតំបន់សមរភូមិមុខសង្រ្គាម ។
កងកម្លាំងអ៊ុយក្រែន និងរុស្ស៊ី បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការបំផ្ទុះបាក់ទំនប់មួយនេះ ។
ខ្សែវីដេអូដែលមិនបានផ្ទៀងផ្ទាត់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីការផ្ទុះ យ៉ាងខ្លាំងនៅជុំវិញបរិវេណទំនប់ Kakhovka ហើយមានខ្សែវីដេអូផ្សេង ទៀតបានបង្ហាញពីទឹកហៀរតាមសំណល់នៃទំនប់នេះ ដោយមានអ្នកឈរ មើលឃើញគួរឲ្យរន្ធត់ចិត្តណាស់ ។
សូមបញ្ជាក់ថា ទំនប់នេះមានកម្ពស់៣០ម៉ែត្រ និងបណ្តោយ៣,២គីឡូម៉ែត្រ ហើយវាផ្ទុកទឹកស្មើនឹងបឹង Great Salt Lake ក្នុងរដ្ឋ Utah របស់សហរដ្ឋអាមេរិក ដែលត្រូវបាន គេសាងសង់ឡើងនៅក្នុងឆ្នាំ១៩៥៦នៅលើដងទន្លេ Dnipro ដែលជាផ្នែកមួយនៃរោងចក្រវារីអគ្គិសនី Kakhovka ។
ទំបន់នេះក៏ផ្គត់ផ្គង់ទឹកដល់ឧបទ្វីប គ្រីមៀ ដែលបានដាក់បញ្ចូលដោយរុស្ស៊ី នៅក្នុងឆ្នាំ២០១៤ និងដល់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ។
យោធាអ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានបំផ្ទុះទំនប់ទឹកនេះ ខណៈដែលប្រភពចេញពីរុស្ស៊ី វិញបានស្តីបន្ទោសទៅ លើភាគីអ៊ុយក្រែន ថាបានបង្កឡើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា