ព័ត៌មានជាតិ

ក្រសួងការងារបញ្ជាក់ថា មកដល់ពេលនេះពុំមាន កិច្ចសហប្រតិបត្តិការលើការ បញ្ជូនពលករកម្ពុជា ទៅធ្វើការនៅអូស្ត្រាលីទេ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថាមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី ពុំមានកិច្ចសហប្រតិបត្តិការលើការបញ្ជូនពលករ កម្ពុជាទៅធ្វើការនៅប្រទេសអូស្ត្រាលីឡើយ។​

យោងតាមជូនដំណឹងរបស់ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៦មិថុនាឆ្នាំ២០២៣ បានលើកឡើងថា កាលថ្មីៗនេះ ក្រសួងបានទទួលព័ត៌មានថាមានជនខិលខូចមួយចំនួនបាន ធ្វើសកម្មភាពផ្សព្វផ្សាយជ្រើសរើស និងប្រមូលថវិកា ពីប្រជាពលរដ្ឋ ដោយធានាអះអាងថា អាចបញ្ចូនទៅធ្វើការនៅប្រទេសអូស្ត្រាលីបាន។


ក្រសួងការងារបានគូសបញ្ជាក់ថា៖” មកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលីពុំមាន កិច្ចសហប្រតិបត្តិការ លើការបញ្ជូនពលករ កម្ពុជាទៅធ្វើការនៅប្រទេសអូស្ត្រាលីឡើយ”។

ជាមួយគ្នានោះដែរក្រសួងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុង ប្រយ័ត្នខ្ពស់ចំពោះរាល់ ការផ្សព្វផ្សាយអំពីការជ្រើសរើស និងបញ្ជូនពលករខ្មែរទៅប្រទេសអូស្ត្រាលី។

ទន្ទឹមនេះ យោងតាមអនុក្រឹត្យលេខ១៩០អនក្រ.បក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១១ ស្តីពីការគ្រប់គ្រង លើការបញ្ជូន ពលករខ្មែរ ទៅធ្វើការនៅបរទេសតាមរយៈទីភ្នាក់ងារជ្រើសរើសឯកជន រាល់ការបញ្ជូនពលករទៅធ្វើ ការនៅបរទេស ត្រូវមានការអនុញ្ញាតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងន័យនេះ ការបញ្ជូនពលករ ទៅធ្វើការនៅប្រទេសដែលគ្មានកិច្ចប្រតិបត្តិការលើការបញ្ជូនពលករជាមួយកម្ពុជា និងដោយគ្មានការអនុញ្ញាតពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាទង្វើឆបោក និងអាចជាបទល្មើសនៃការជួញដូរមនុស្ស៕

To Top